(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់នៅបណ្តោយផ្លូវលេខ៤៦៤ ក្នុងភូមិ១ និងភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
ដើម្បីរួមចំណែកក្នុងការសហការរៀបចំសណ្តាប់ធ្នាប់អនាម័យ បរិស្ថាន និងការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងបង្ការជម្លោះផ្សេងៗ រដ្ឋបាលខណ្ឌចំការមន ស្នើអាជីវករ និងប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ក្នុងការចតរថយន្ត ឬត្រីចក្រយាន ការយកចិញ្ចើមផ្លូវធ្វើជាទីតាំងអាជីវកម្ម និងការតាំងលក់អីវ៉ាន់គ្រប់ប្រភេទនៅលើ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដោយទុករយៈពេលឲ្យ៣ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណី លោក-លោកស្រី មិនស្តាប់តាមការណែនាំ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌចំការមន នឹងមានវិធានការរដ្ឋបាលដោយចុះដកហូត និងរុះរើ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ សម្ភារផ្សេងៗដែលមាននៅទីតាំងនោះឡើយ។ ករណីមានការរឹងរូស ធ្វើការតវ៉ាជាមួយ អាជ្ញាធរមានសមត្ថកិច្ច ក្នុងការដកហូតរុះរើនោះ រដ្ឋបាលខណ្ឌចំការមន និងអនុវត្តវិធានការរដ្ឋបាល ឬ ឈានដល់ អនុវត្តវិធានការផ្លូវច្បាប់។
រដ្ឋបាលខណ្ឌចំការមន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម បងប្អូនទាំងអស់ និងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕