(ម៉ែលប៊ន, អូស្ត្រាលី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានបង្ហាញក្តីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងសន្យាធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយកាន់តែល្អប្រសើរ។
ក្នុងជំនួបពិភាក្សាការងារធ្វើឡើងនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរប្រធានាធិបតី ចូកូ វីដូដូ ចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី បានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរួមមាន៖ វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ។
ជាមួយការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្តេចធិបតី និងលោក ចូកូ វីដូដូ បានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត ៧ទសវត្សរ៍កន្លងមកនេះ ដោយផ្ដល់ផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសការពង្រឹងទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូនេស៊ី បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យខាងលេី ព្រមទាំងបន្តរួមគ្នាបង្កេីនកិច្ចសហប្រតិបត្តិការលេីវិស័យមានសក្ដានុពលផ្សេងទៀត ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែរឹងមាំ។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការអញ្ជើញសម្តេច បំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូណេស៊ី នាពេលពេលវេលាសមស្របណាមួយ៕