(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤។
សារលិខិតថ្វាយព្រះពរមានខ្លឹមសារថា៖ «ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តម ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចនារីនៅទូទាំងសកលលោក ចូលរួមអបអរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ និងសហការី នៃ កាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត លំឱនកាយថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ ប្រថាប់ជាម្លប់អម្រឹតដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គគ្រប់រូបជ្រកកោនឋិតថេរជាភិយ្យោភាព។
ក្នុងអភិលក្ខិតសម័យដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ សូមអភិវន្ទថ្វាយ នូវព្រះរាជកតញ្ញូកតវេទិតាដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទាននូវព្រះរាជសារគាំទ្រមូលបទទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ គឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យដ៏ត្រចះត្រចង់ បង្ហាញនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្ត្រី ក្នុងយុគសម័យឌីជីថល ប្រកបដោយប្រសិទ្ធភាព ស្របតាមចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៅទៀត ព្រះរាជវីរគំរូមនុស្សធម៌នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បាន និងកំពុងលើកទឹកចិត្តដល់ខ្ញុំម្ចាស់ និងសហការី យាងដង្ហែតាមក្នុងបុព្វហេតុមនុស្សធម៌ ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ៖