(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា និងផ្លែឈើមួយចំនួនមកជូន លោក ង៉ាន់ សំណាង អាយុ ៣៣ឆ្នាំ ជាអ្នកយកព័ត៌មានទូរទស្សន៍ CTN បម្រើការងារជូនកាកបាទក្រហមកម្ពុជា ដែលទើបវះកាត់ជំងឺធ្លាក់ពោះវៀន កំពុងសម្រាកនៅគេហដ្ឋានស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់លោក ង៉ាន់ សំណាង សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ យកពេលវេលាសម្រាកឱ្យបានគ្រប់គ្រាន់ទោះជាមមាញឹកជាមួយការងារខ្លាំងយ៉ាងណាក៏ដោយ ពិសេស មិនត្រូវធ្វើកិច្ចការធ្ងន់ៗ ដែលអាចប៉ះពាល់ដល់មុខរបួស។
លោក ង៉ាន់ សំណាង និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូបដែលជួបការលំបាក ដោយមិនប្រកាន់និន្នាការ នយោបាយអ្វីឡើយ៕