(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ជាក់ អាយុ៣៥ឆ្នាំ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាម៉ោង ២០៖៣០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុ មានករណីកាប់ដោយពូថៅបណ្ដាលឱ្យរងរបួសធ្ងន់, ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ ហើយឃាត់ខ្លួនជនសង្ស័យរួមទាំងដកវត្ថុតាង ពូថៅដងឈើ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកពូថៅកាប់ជនរងគ្រោះ ពិតប្រាកដមែន ដោយសារខ្លួន និងជនរងគ្រោះមានគំនុំនឹងគ្នាតាំងពី២ខែមុនមកម្ល៉េះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ទៀតថា ជនរងគ្រោះឈ្មោះ សារឿន សែន អាយុ៣៤ឆ្នាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕