(ម៉ែលប៊ន, អូស្ត្រាលី)៖ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញក្តីរីករាយក្នុងការលើកកម្ពស់ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានសម្តែងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងក្ដីសោមនស្សរីករាយ។ លោក អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មកនេះ ពោលគឺមុនពេលកម្ពុជាទទួលបានឯករាជ្យទៅទៀត ដែលជាការបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមកក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានសម្ដែងការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដោយលោកបានចាត់ទុកកម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់ការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងដំណើរស្វែងរកសន្តិភាពក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
សម្តេចធិបតី បានជម្រាបលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា មិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត។
ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី បានជម្រាបជូននាយករដ្ឋមន្ត្រីអូស្ត្រាលី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមានដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។
សម្តេចធិបតី ក៏បានបង្ហាញអំពីការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជេីញលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានប្រកាសស្វាគមន៍និងទទួលយកសំណើសម្តេចធិបតី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា និងសម្តែងការរីករាយទទួលយកការអញ្ជេីញរបស់សម្តេចធិបតី ទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របខាងមុខ៕