(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង ៩ក្រុម ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការទាំង៩ក្រុម និងក្រុមលេខាធិការចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ជាច្រើននាក់ទៀត។
គួរជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចលេខ ០៨៣/២៣សសរ.ខពស ស្តីពីការបង្កើតអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ សេចក្តីសម្រេចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដី ពីសំណាក់ជនខិលខូច ដែលលួចឆ្លៀតឱកាស ស្របពេលដែលការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ខិតជិតមកដល់។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានដាក់បទបញ្ជាយ៉ាងដាច់ខាត ក្នុងការចៀរសាច់ស្អុយ ចំពោះមន្ត្រីណាក៏ដោយ ដែលឃុបឃិតជាមួយជនល្មើស បំផ្លិចបំផ្លាញធនធានធម្មជាតិ ពិសេសបទល្មើសព្រៃឈើ ក្នុងដែលសមត្ថកិច្ចរបស់ខ្លូនកំពុងគ្រប់គ្រង។ លោកបានបន្តថា ពិតណាស់ប្រកត់ជាមានមន្ត្រីគ្រាប់ល្ពៅ និងក្រុមជនល្មើស ដែលកំពុងឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ។ ប្រសិនបើមន្រ្តីទាំងអស់ បើកភ្លើងខៀវឲ្យជនខិលខូចកាប់ និងទន្ទ្រានដីព្រៃយ៉ាងរលូន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លូនហើយនោះ លោកនិងសុំគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រមទី៥ គឺការវះកាត់ផ្ទាល់តែម្តង។
លោកសូមស្នើដល់អនុគណ:កម្មការទាំង០៩ក្រុម ត្រូវត្រួតពិនិត្យទីតាំងចាស់ ដែលបានដកហូត និងឃ្លុំទុកកន្លងមក ព្រមទាំងឡើងផែនទី និងធ្វើរបាយការណ៍ជាក់លាក់ ក្នុងការពិនិត្យករណីកាប់រុករានថ្មី ដោយកំណត់មុខសញ្ញា និងស្រាវជ្រាវចាប់ខ្លួនជនប្រព្រឹត្តបទល្មើសឱ្យបានដាច់ខាត ដើម្បីយកមកចាត់ការតាមនីតិវិធី។ បន្ថែមពីនោះត្រូវត្រៀមទីតាំងឈរជើង និងត្រៀមដាំកូនឈើឡើងវិញ ដែលទាំងនេះ ជាកិច្ចការរបស់រដ្ឋបាលព្រៃឈើ និងមន្ទីរបរិស្ថាន៕