(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានជំរុញដល់សហគ្រាស ក្រុមហ៊ុនដែលផលិតផលិតផលសម្រាប់នាំចេញ ត្រូវពង្រឹងសមត្ថភាពក្នុងការផលិត ដើម្បីរក្សាបានការនាំចេញ ទោះបីជាកម្ពុជាអាចបាត់បង់ ការអនុគ្រោះមួយចំនួនយ៉ាងណាក្ដី។
ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការដាក់ឲ្យដំណើរការជាផ្លូវការ របស់ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម» រៀបចំឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។
លោក ប៉ែន សុវិជាតិ បានថ្លែងថា «ជាការពិតយើងត្រូវបានបាត់បង់ការអនុគ្រោះពន្ធមួយចំនួន ប៉ុន្ដែកម្ពុជាក៏ទទួលបានលក្ខខណ្ឌមួយចំនួនទៀត ដែលត្រូវប្រុងប្រៀបអនុវត្តន៍។ ក្នុងនោះសហគ្រាស ក្រុមហ៊ុន ត្រូវតែផ្ដោតលើការបង្កើនសមត្ថភាព បង្កើនលទ្ធភាពរបស់ខ្លួន ធ្វើយ៉ាងណា ពង្រីក និងពង្រឹងការផលិតរបស់ខ្លួន»។
លោកបានបញ្ជាក់ថា លោកតែងតែផ្ដោតលើភាពជឿជាក់ របស់សហគ្រាស ក្រុមហ៊ុន លើការបង្កើនសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដូច្នេះដើម្បីធ្វើឲ្យក្រុមហ៊ុនទាំងអស់ ពង្រឹងខ្លួនឯងបានត្រូវអនុវត្តន៍ ចំណុចសំខាន់ៗ ៣យ៉ាងរួមមាន៖
* ការបង្កើនផលិតភាពផលិតកម្ម។ ឧទាហរណ៍ បើក្នុង ១ម៉ោងគេផលិតបានអាវ ១០ឡូ កម្ពុជាត្រូវតែផលិតឲ្យបាន ១០ឡូដូចគ្នា ដើម្បីមានភាពប្រកួតប្រជែង។
* រក្សាគុណភាព នៃផលិតផលឲ្យមាននិរន្ដរភាព។ ឧទាហរណ៍ ប្រសិនបើថ្ងៃនេះលក់អង្ករល្អ ថ្ងៃស្អែក ឬខានស្អែក ឬថ្ងៃខាងមុខ គឺត្រូវតែលក់អង្ករល្អ មិនអាចលក់អង្ករលាយបានឡើយ។
* ការរក្សាបាននិរន្ដភាពនៃការផ្គត់ផ្គង់។ ឧទាហរណ៍ ប្រសិនបើខែនេះលក់អង្ករចេញបាន ១០តោន ខែក្រោយៗទៀតត្រូវតែមានអង្ករ ១០តោន ឬលើសពីនេះសម្រាប់លក់ មិនអាចខែនេះលក់បាន ១០តោន តែខែក្រោយមានតែ ៥តោននោះទេ។
លោក ប៉ែន សុវិជាតិ បានបន្ថែមថា កាលដែលក្រុមហ៊ុនទាំងអស់ពង្រឹងខ្លួនឯង បានលើចំណុចទាំង៣នេះ និងត្រូវបន្ថែមជំនាញលើសមត្ថភាព ការចែករំលែកចំណេះដឹង និងចំណេះធ្វើដល់បុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីឲ្យពួកគាត់អាចបង្កើន នូវសមត្ថភាពរបស់ខ្លួនបាន។
លោកបានបញ្ជាក់ថា «យើងបានឆ្លងផុតពីដំណាក់កាល ប្រទេសអភិវឌ្ឍន៍តិចតួច និងធ្លាប់ទទួលបានការអនុគ្រោះ ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានបាត់បង់ការអនុគ្រោះមួយចំនួន ហើយត្រូវឲ្យយើងបង្កើនការផលិតរបស់ខ្លួន ឲ្យមានគុណភាព ឬត្រូវបង្កើននូវបច្ចេកទេសផលិតឲ្យឆ្លើយតប នឹងតម្រូវការទីផ្សារ គឺជារឿងចាំបាច់»។
សូមជម្រាបថា សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញកម្ពុជាក្រោមកម្មវិធី «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ដោយយកពន្ធលើទំនិញកម្ពុជា ប្រមាណ ២០ភាគរយ៕