(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំរៀបចំទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ នៅបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ក្រុងបាត់ដំបង ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តមន្រ្ដីរាជការ សិស្ស និស្សិត ជាច្រើនរូបផងដែរ។
នាឱកាសនោះ បន្ទាប់ពីបានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជូនដល់អង្គពិធីរួច លោក សុខ លូ បានថ្លែងថា ដោយមើលឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ ជាវិស័យអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងនោះបញ្ចកោណទី២ បានរំលេចពីភាពចាំបាច់ នៃការធ្វើពិធីកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។
លោក សុខ លូ បានបន្ថែមថា ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា គឺការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជាការរៀបចំ និងការដាក់ចេញ គោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ។
នាឱកាសនោះ លោក សុខ លូ បានអំពាវនាវពលរដ្ឋទាំងអស់ក្នុងខេត្ត ចូលរួមគិតគូរដល់ការថែរក្សាអនាម័យ និងបរិស្ថានឱ្យបានល្អ។ ត្រូវទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ប្រើឡើងវិញនូវ ប្លាស្ទីកទាំងឡាយ ដែលអាចប្រើបានដូចជាថង់ក្រណាត់ កន្រ្តកជាដើម និងជួយកែច្នៃកាកសំណល់ទាំងឡាយ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងត្រូវចាត់ទុកថា ការងារទាំងនោះគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ដោយចាប់ផ្តើម ភាពស្អាតពីខ្លួនយើង នោះទីក្រុងយើងនឹងស្អាត តាមពាក្យស្លោក «ទាំងអស់គ្នា ដើម្បីទេសចរណ៍ ទេសចរណ៍ ដើម្បីទាំងអស់គ្នា» ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់នៃភាពស្អាត និងបៃតងនៅតាមទីក្រុងយើងទាំងអស់គ្នា៕