(កំពត)៖ លោកបណ្ឌិតអភិបាលខេត្តកំពត ម៉ៅ ធនិន បានស្នើ និងលើកទឹកចិត្តដល់ស្ត្រីទាំងអស់ បន្តចូលរួមឱ្យបានគ្រប់សកម្មភាពសង្គម សំដៅរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី តម្លៃគ្រួសារខ្មែរ និងការអភិវឌ្ឍ ព្រោះថាសង្គមមួយប្រសិនបើគ្មានការចូលរួមពីស្ត្រី សង្គមនោះមិនអាចដំណើរការទៅបានដោយរលូននោះទេ។
ក្លែងក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលរៀបចំប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
អភិបាលខេត្តកំពត ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់សកម្មភាពរបស់ស្ត្រីក្នុងខេត្ត នាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើ ព្រមទាំងបានជួយដល់សង្គមឱ្យមានការអភិវឌ្ឍរីកចម្រើន គួរឱ្យកត់សម្គាល់។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ស្ត្រីទាំងអស់ ត្រូវបន្តចែករំលែក និងផ្តល់ការអប់រំនៅក្នុងគ្រួសារ ឱ្យបានល្អប្រសើបន្តទៀត ដោយធ្វើការចែករំលែកនូវ ចំណេះដឹង សីលធម៌សង្គម។
ជាក់ស្តែងពីការអភិវឌ្ឍសង្គមជាតិរបស់រាជរដ្ឋាភិបាលទៅកាន់ លោកយាយ លោកតា ពូមីង បងប្អូន នៅតាមមូលដ្ឋាន និងមនុស្សជំនាន់ក្រោយឱ្យបានដឹងថា ក្រោមម្លប់សន្តិភាព ដែលយកមកដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយការដ្ឋមន្ត្រី គឺប្រទេសមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ដូចសព្វថ្ងៃនេះ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះអង្គពិធីទាំងមូល ដែលបានយកចិត្តទុកដាក់ស្តាប់នូវព្រះរាជសារទាំងស្រុងរបស់ អង្គសម្តេចម៉ែដ៏មានអត្ថន័យ នូវគោលនយោបាយដឹកនាំ និងលទ្ធផល នៃការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសប្រធានបទសម្រាប់ឆ្នាំនេះ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕