(ភ្នំពេញ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំបើកកិច្ចប្រជុំពិភាក្សាស្តីពី ការងារគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៦០បេ (ក្រុងក្រចេះ - កំពង់ថ្ម - កំពង់ធំ) ក្រោមក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពិភាក្សាលើការងាររៀបចំផែនការសម្រាប់អនុវត្តគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៦០បេ ជាមួយតំណាងក្រុមហ៊ុនសាងសង់ ក្នុងការពិនិត្យលទ្ធភាពជម្រុញការសិក្សាលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀតដែលត្រូវដោះស្រាយធ្វើយ៉ាងណាជំរុញឱ្យគម្រោងសាងសង់ខាងលើនេះមានសង្គតិភាព អាចអនុវត្តទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាព៕