(ភ្នំពេញ)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សីលធម៌សង្គម និងសុខុមាលភាពសាធារណៈដែលកើតចេញពីការផ្សព្វផ្សាយជ្រុលហួសហេតុការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះធ្វើឡើងក្រោយពីមានកិច្ចប្រជុំរវាងក្រសួងព័ត៌មាន និងម្ចាស់ស្ថានីយ៍ទូរទស្សន៍នានា ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅលើប្រព័ន្ធផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយ បុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប។
លោក នេត្រ ភក្ត្រា បានថ្លែងថា កន្លងទៅនេះដើម្បីគ្រប់គ្រងសណ្តាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងព័ត៌មាន បានពង្រឹងឡើងវិញលើវិធានការ នៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃនិងសីលធម៌សង្គមដោយបានណែនាំ រួមមាន៖
*ទី១៖ សូមបញ្ឈប់ការប្រើប្រាស់រូបភាព នៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀងប្រដាល់ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ
*ទី២៖ ពិធីករពិធីការិនីដែលជាមនុសមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាសកំប៉ុងស្រាបៀរពិសា និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម
*ទី៣៖ ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើតុល្យភាពនៃសារបៃការផ្សាយពាណិជ្ជកម្មនិងសារអប់រំ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង គឺជាភាពចាំបាច់ដើម្បីគ្រប់ភាគីចូលរួមក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្មផលិតផលិគ្រឿងស្រវឹង។
«ការរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺដើម្បីជួយទៅដល់សង្គម ជួយទៅដល់ក្រុមហ៊ុន ជួយទៅដល់ប្រជាជនកម្ពុជាដែលជាអ្នកប្រើប្រាស់ផលិតផល, កាត់បន្ថយគ្រោះថ្នាក និងបង្កើននូវសុខ ដុមនីយកម្មក្នុងសង្គម»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចំពោះមុខតំណាងក្រុមហ៊ុនស្រាបៀរនិងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងបានស្នើឱ្យអនុវត្តនូវលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធដែលមានជាធរ មានឱ្យបានល្អ។
បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រុមការងារបច្ចេកទេសចម្រុះរវាងស្ថាប័នរដ្ឋ និងឯកជននឹងត្រូវបង្កើតឡើងដើម្បីមានភាពងាយស្រួលក្នុងការពិភាក្សា និងដាក់ចុះនូវដំណោះស្រាយនានាសំដៅ លើការគ្រប់គ្រងបច្ចេកទេស ក្នុងការផលិតស្ពតពាណិជ្ជកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មនានាដែលគោរពបាននូវក្រមសីលធម៌ និងអនុលោមតាមច្បាប់។
តំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែលបានចូលរួមប្រជុំ បានបង្ហាញនូវការគាំទ្រចំពោះវិធានការ និងការសម្រេចនានាដែលបានផ្តួចផ្តើម និងដាក់ចុះអនុវត្តដើម្បីចូលរួម គ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង៕