(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់អង្គការ UNDP ជាពិសេស លោកនាយករងប្រចាំតំបន់ អាស៊ីប៉ាស៊ីភិច ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការផ្តល់យោបល់បច្ចេកទេស ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសទទួលជួបការសម្តែងការគួរសម ពិភាក្សាការងារជាមួយលោក Christophe Bahuet នាយករង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP)។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់អង្គការ UNDP ដែលបានសហការគាំទ្រលើវិស័យសុខាភិបាលទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា តាមរយៈសកម្មភាពមួយចំនួនដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺ COVID-19 កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme) ដែលនឹងរួមចំណែកក្នុងការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC) ជាទិសដៅរបស់ក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអង្គការ UNDP អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច ដែលក្រសួងសុខាភិបាលកម្ពុជាបាន និងកំពុងអនុត្តនាពេលបច្ចុប្បន្ននេះ។
លោក Christophe Bahuet នាយករងប្រចាំតំបន់អាស៊ីប៉ាស៊ីភិច បានថ្លែងអំណរគុណ និងអបអរសាទរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកទទួលបាននូវការទុកចិត្ត ពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រី ក្រសួងសុខាភិបាល។
លោកនាយករងក៏បានលើកឡើងពីការប្តេជ្ញាចិត្ត របស់អង្គការ UNDP ក្នុងការចូលរួមចំណែកសម្រេច ឱ្យបានការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រឹងភាពជាដៃគូជាមួយក្រសួងសុខាភិបាល និងក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក ដើម្បីបង្កើនការចូលរួមសកម្មភាពជាពហុវិស័យ៕