(ព្រះវិហារ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលពិធីនេះ ស្ថិតក្រោមវត្តមានលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ព្រមទាំងបងប្អូនជាស្ត្រីក្នុងវិស័យសុខាភិបាលទូទាំងខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសខួបលើកទី១១៣ នៃទិវានារីអន្តជាតិ៨មីនា ឆ្នាំ២០២៤នេះ លោក គួង ឡូ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាបុរសទាំងអស់ សូមចូលរួមអបអរសាទរ និងជូនពរ ដល់បងប្អូននារីជាមន្ត្រីរាជការទាំងអស់នៅក្នុងមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាបងប្អូននារីទាំងអស់ទូទាំងពិភពលោកផងដែរ។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងបញ្ជាក់ពីការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូលរួមយ៉ាងសកម្ម លើគ្រប់វិស័យដើម្បីឈានទៅសម្រេចបាននូវកិច្ចការអាទិភាពប្រកបដោយប្រសិទ្ធភាព។
លោក គួង ឡូ ក៏បានថ្លែងឲ្យមានការចូលរួមជាចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឲ្យស្ត្រី និងក្មេងស្រី បានបន្តចូលរួមយ៉ាងពេញលេញ ក្នុងការអនុវត្តសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថល។
ជាមួយគ្នានេះដែរ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ៨មីនា លោក គួង ឡូ ក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនស្រ្តីទាំងអស់ក្នុងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ត្រូវខិតខំសិក្សារៀនសូត្របន្ថែម ជាពិសេសអ្វីៗដែលថ្មី ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។
លោកបន្ដថា ក្នុងពេលបច្ចុប្បន្ននេះស្រ្តីមានសិទ្ធិដូចបុរសដែរ ប៉ុន្តែស្រ្តីក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ ដើម្បីទទួលបានឱកាសដូចជាបុរសដ៏ទៃទៀត។
ក្រៅពីរៀបចំពិធីអបអរសាទរដល់មន្ត្រីរាជការជាស្ត្រី នៅក្នុងមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ ក៏បានដឹកនាំក្រុមការងារជូនពរថ្នាក់ដឹកនាំខេត្តជាស្ត្រី និងលោកស្រីជាអតីតៈប្រធានមន្ទីរសុខាភិបាលខេត្ត តាមគេហដ្ឋានផងដែរ៕