(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញលទ្ធផលនៃកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រកាស លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សេចក្តីព្រាងទម្រង់កំណត់ហេតុនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុ ង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឯកសារបោះពុម្ពមួយចំនួនសម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ និងសេចក្តីណែនាំ ស្តីពីការងារបណ្តុះបណ្តាល និងការងារអប់រំអ្នកបោះឆ្នោត។
កិច្ចប្រជុំក្រោមនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួចមក អង្គប្រ ជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធទាំងនោះ ហើយនិងបានសម្រេចដូចខាងក្រោម៖
ទី១៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន៖
*របាយការណ៍ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ដែលបានប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
*តារាងលទ្ធផលនៃចំនួនអ្នកបានចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
*សេចក្តីសម្រេច ស្តីពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
*សេចក្តីសម្រេច ស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលភូមិភាគក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
*សេចក្តីសម្រេច ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានភ្ជាប់ បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា តាមលំដាប់អាយុពីខ្ពស់មកទាប និងបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ តាមមណ្ឌលភូមិភាគទាំង ៨ មណ្ឌលភូមិភាគ
*តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
បន្ទាប់ពីបានសម្រេចលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួចមក អង្គប្រជុំ គ.ជ.ប បានបន្តការពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សារាជធា នី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុ ក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ អង្គប្រ ជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារទាំងនោះ ហើយបានសម្រេចដូចខាងក្រោម៖
ទី១៖ ឯកភាពលើសេចក្ដីព្រាងទម្រង់៖
*កំណត់ហេតុនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត (ទ.១១២១ខ) (ពណ៌ស)។
*កំណត់ហេតុនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ទ.១១២១ស) (ពណ៌ផ្ទៃមេឃ)។
ទី២៖ ឯកភាពលើឯកសារបោះពុម្ពចំនួន ១១មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយរួមមាន៖
*ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
*ព្រឹត្តិបត្រគោលនយោបាយគណបក្ស
*សៀវភៅបត់ (Pamphlet)
*ខិត្តបណ្ណ (Poster) គណបក្សនយោបាយចូលរួមការបោះឆ្នោត
*បណ្ណប្រកាស ស្តីពីការបោះឆ្នោត
*ខិត្តបណ្ណ ស្តីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត
*ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត
*ស្ទីកគ័រ ស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោត
*មួក ដែលមាននិមិត្តសញ្ញា គ.ជ.ប
*សឺមីសម្រាប់ដាក់ឯកសារសារព័ត៌មាន
*បណ្ណថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
ទី៣៖ ឯកភាពលើសេចក្តីណែនាំស្តីពី ការងារបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោតនៅតាម រាជធានី ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំ គ.ជ.ប អំពីនីតិវិធីនៃការចាប់ឆ្នោតកំណត់យកលំដាប់លេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គឺត្រូវធ្វើនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥។
យោងតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤៕