(កោះកុង)៖ ប្រជាពលរដ្ឋឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង​ ជិត២០០គ្រួសារ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានចេញមកបកស្រាយដើម្បីផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ជូនលោក ម៉ឹង សុភា ដែលមេឃុំជីផាត ក្រោយមានព័ត៌មានចុះផ្សាយដោយចោទប្រកាន់ថា លោកមេឃុំយកដីប្រជាពលរដ្ឋ និងដីរដ្ឋលក់រាប់សិបហិកតា និងសង់លំនៅដ្ឋានស្កឹមស្កៃខុសពីការពិត។

លោកស្រី ថាំង ស៊ីណា អាយុ៦៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ការចុះផ្សាយព័ត៌មានបំភ្លៃគ្មានមូលដ្ឋាន គ្មានការពិតរបស់បណ្តាញសង្គមមួយចំនួនតូច គ្មានវិជ្ជាជីវៈនេះ គឺជាញុះញង់ធ្វើឱ្យប្រជាពលរដ្ឋមានជម្លោះ និងគ្នាស្អប់ខ្ពើមគ្នាទៅវិញទៅមក។

តំណាងប្រជាពលរដ្ឋរូបនេះ បានបន្ថែមថា៖ «ដីដែលក្រុមសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមចុះផ្សាយកន្លងមកថា មេឃុំជីផាតលក់ដីរាប់សិបហិកតា បានលុយរាប់ម៉ឺនដុល្លារ មិនពិតទេដីក្នុងភូមិសាស្ត្រនេះ គឺជាដីរបស់ ពួកគាត់ដែលមានសាលកបត្រត្រឹមត្រូវលេខ០០១ ដែលក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាស់វែងឱ្យពួកគាត់យ៉ាងត្រឹមត្រូវក្នុងចន្លោះឆ្នាំ២០១២-២០១៣ ហើយរាល់ថ្ងៃ ពួកគាត់បានធ្វើដំណាំកសិកម្មបានផលយូរឆ្នាំ ហើយការរស់នៅរបស់ពួកគាត់ក្នុងភូមិសាស្រ្តនេះតាំងពីឆ្នាំ១៩៨០ មកម្ល៉េះតកូនតចៅ»

លោកស្រី ថាំង ស៊ីណា បានបញ្ជាក់ថា លោកមេឃុំ ម៉ឹង សុភា ជាមនុស្សម្នាក់ដែលប្រជាពលរដ្ឋក្នុងឃុំជីផាត ស្រុកថ្មបាំង មានទំនុកចិត្តមានការស្រឡាញ់រាប់អានគាត់ច្រើន ដោយគាត់បានជួយទុក្ខធុរៈប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈឱ្យតែប្រជាពលរដ្ឋជួបបញ្ហាហើយមិនថាថ្ងៃ ឬយប់ឡើយ មិនដែលគិតថវិកា១រៀលទេ។

ប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរ ជួយចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យបានឆាប់ៗផងដែរ គ្រាមានអនុក្រឹត្យកាត់ឆ្វៀលពីរាជរដ្ឋាភិបាលជូនពលរដ្ឋ។ លោកមេឃុំជីផាតមិនមានដីរាប់ហិចតាលក់ដូចការចុះផ្សាយ នោះទេ។ វាមិនមែនជាព័ត៌មានការពិត ហើយនេះជាញុះញង់បំបែកបំបាក់ នាំឲ្យប៉ះពាល់ដល់កិត្តិសយសេចក្តីថ្លៃថ្នូររបស់គាត់យ៉ាងធ្ងន់ធ្ងរ និងមានការភ័ន្តច្រឡំពីមហាជនទូទៅ។ ប៉ុន្តែពេលដោយក្តីគោរពស្រឡាញ់គាត់ ក្នុងនាមមេឃុំបងប្អូនជិត២០០គ្រួសារ បានចេញមកបំភ្លឺភាពស្អាតស្អំរបស់គាត់ផងដែរ។

សម្រាប់លោកមេឃុំជីផាត បានឲ្យដឹងថា ចំពោះលំនៅដ្ឋានដែលសង់សាង គឺកេរ្តិ៍មរតកសល់ពីឪពុក ម្តាយ និងកម្លាំងញើសឈាមរបស់លោក ពោលគឺពុំមែនបានមកពីការលក់ដីដូចការចោទប្រកាន់ ដែលពួកបំពុលសង្គម ចុះផ្សាយទេ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យសារព័ត៌មានមួយចំនួន មេត្តាកែតម្រូវបំភ្លឺរាល់អត្ថបទដែលបានចុះផ្សាយកន្លងមក ហើយអ្នកលេងបណ្តាញសង្គមក៏ឈប់ជឿជាក់ និងកុំបន្តចែកចាយព័ត៌មានមិនពិតបន្តទៅទៀត។

ជុំវិញបញ្ហានេះដែរលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានលើកឡើងថា ថ្មីៗនេះមានជនញុះញង់មួយក្រុមបានបង្កើនប្លង់គោលខ្លួនឯង ហើយលក់ដីដោយលើកឡើងថា ដីតំបន់នេះជាដីស្រុកស្រែអំបិលទៅវិញ ត្រង់ចំណុចនេះដែលអាជ្ញាធរពិបាករកដំណោះស្រាយក្នុងការចេញបណ្ណសម្គាល់កម្មសិទ្ធដីធ្លីឱ្យបានលឿន ប៉ុន្តែងការចេញបណ្ណកម្មសិទ្ធិជូន គឺមានដំណាក់កាល។

លោកអភិបាលរងបានបញ្ជាក់ថា ដើម្បីបញ្ជាក់ទីតាំងឱ្យច្បាស់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ អាជ្ញាធរនឹងធ្វើកាប្រជុំដើម្បីកំណត់ទីតាំងភូមិសាស្ត្រឱ្យច្បាស់ និងអញ្ជើញអ្នកសារព័ត៌មានចូលរួមផងដែរ៕