(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានណែនាំ និងដាក់ចេញនូវកិច្ចការចំនួន៨ចំណុចដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធមួយចំនួន សម្រាប់យកទៅអនុវត្តនៅក្នុងឆ្នាំ សិក្សា២០២៣-២០២៤នេះ។

ការថ្លែងរបស់លោកស្រីអភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ និងលើកទិសដៅការងារឆ្នាំថ្មី ដែលយើងធ្វើនាថ្ងៃនេះ ដើម្បីពិភាក្សាស្វែងរកបទពិសោធន៍ការងារ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ដំណោះស្រាយនៅក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ជម្រុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបបរិយាប័ន្ន និងភាពធន។

លោកស្រីថ្លែងបន្តថា វិស័យអប់រំ យុវជន និងកីឡា ជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល នៃរដ្ឋសភាបានយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ ពិសេសគឺការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលផ្តោតលើអាទិភាពចំនួន៥រួមមាន៖

*ទី១៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
*ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
*ទី៣៖ ការលើកកម្ពស់ខុសភាព និងសុខមាលភាពប្រជាជន
*ទី៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង
*ទី៥៖ ការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកស្រី ប៉ាង រ៉ាវី បានថ្លែងសំណូមពរ និងដាក់ចេញនូវកិច្ចការចំនួន៨ចំណុចដូចខាងក្រោម៖

*ត្រូវបង្កើនកិច្ចសហការដ៍ល្អប្រកបដោយការជឿទុកចិត្តជាមួយបណ្តា អង្គការ ដៃគូរអភិវឌ្ឍ សប្បុរសជន និងស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ
*អំពាវនាវដល់បណ្តាអង្គការ ដៃគូរអភិវឌ្ឍទាំងអស់ ចូលរួមគាំទ្រ និងផ្តល់មូលនិធិគាំទ្រគម្រោងអប់រំ ឱ្យបានសមស្របតាមតម្រូវការចាំបាច់
*បន្តយកចិត្តទុកដាក់ជំរុញ និងបង្កើតប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងសាលារៀន ដើម្បីផ្តល់ព័ត៍មានទាន់ពេលវេលា សម្រាប់ការគ្រប់គ្រងសាលារៀន ប្រកបដោយប្រសិទ្ធិភាព
*នាយកសាលាគ្រប់ភូមិសិក្សា គប្បីបង្កើតឱកាសជួបជុំជាមួយមាតាបិតា អាណាព្យាបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចែករំលែកព័ត៍មានសិក្សា និងស្វែងរកការគាំទ្រនានា
*អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យតាមដាន ដោយផ្តោតការយកចិត្តទុកដាក់ លើដំណើរការបង្រៀន និងរៀន នៅគ្រប់ភូមិសិក្សាឱ្យបានត្រឹមត្រូវ និងទៀងទាត់
*រួមគ្នារិះរកដំណោះស្រាយ នូវបញ្ហាប្រឈម ដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ប្រសិទ្ធិភាព គុណភាព នៃសេវាអប់រំ
*ផ្តោតការយកចិត្តទុកដាក់ពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ ទាំងមតេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា
*បន្តយកចិត្តទុកដាក់អនុវត្តការងារពាក់ព័ន្ធនិងអង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាបន្តទៀត៕