(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តែមិនបានទទួលអាសនៈព្រឹទ្ធសភានោះ បានសេចក្តីថ្លែងការណ៍ ប្រកាសទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ។

តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសយ៉ាងដូច្នេះថា៖ «គណបក្សហ្វ៊ុនស៊ិនប៉ិច បានតាមដានយ៉ាងយកចិត្តទុកដាក់នូវគ្រប់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ យើងខ្ញុំបានកត់សម្គាល់ឃើញថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយល្អប្រសើរដែលអាចទទួលយកបាន។ ដូច្នេះ គណបក្សហ៊្វុនស៊ិនប៉ិច សូមទទួលយកលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ»

សូមជម្រាបថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។

ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង៕