(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជំនាន់ទី៩ សាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់អស់លោក ថ្នាក់ដឹកនាំសាលានគរបាលជាតិ ស្នងការរងមកពីខេត្តចំនួន៥ និងសិក្ខាកាមជាមន្រ្តីនគរបាលជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សិស្សមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន ១៣៧រូប មកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពង់ធំ និងរាជធានីភ្នំពេញ។

ក្នុងការស្នាក់នៅរៀនសូត្រ សិស្សនគរបាលទាំងអស់ បានចូលរួមអនុវ​ត្ត គោរពត្រឹមត្រូវអំពីវិន័យរបស់សាលា ដោយបានខិតខំសិក្សារៀនសូត្រតាមជំនាញដោយទទួលបានលទ្ធផលល្អប្រសើរ ដែលនឹងអាចយកទៅអនុវត្តន៍បាននៅមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះ បណ្តាល ព្រមទាំងដាក់ចេញ នូវផែនការកំណែទម្រង់លើ កងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវឌ្ឍនៃស្ថានការណ៍ សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល និងស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើមន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលដែលបានទទួលការបណ្តុះបណ្តាលនេះ ត្រូវយកចំណេះដឹង បទពិសោធន៍ និងជំនាញថ្មីៗទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណតម្លៃនិងគុណធម៌។

នាឱកាសនោះនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលទទួលជ័យលាភីក្នងការសិក្សាផងដែរ៕