(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស​ភ្លើង​ទៀនក្នុងខេត្តពោធិ៍សាត់ជាង ១០០នាក់ បាននាំគ្នាឡើងមករាជធានីភ្នំពេញ ធ្វើសកម្មភាពតវ៉ានៅមុខ​ទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន។ ការតវ៉ានេះកើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សនេះ សម្រេចដកលោក ប៉ុល វណ្ណរិទ្ធិ ពីប្រធានស្តីទីគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់ ដោយគ្មានមូលហេតុ។

អ្នកដែលនាំគ្នាឡើងមកតវ៉ានេះ រួមមាន លោក ប៉ុល វណ្ណរិទ្ធិ ដែលបច្ចុប្បន្នជាចៅសង្កាត់រងទី២ នៃសង្កាត់​រលាប ក្រុងពោធិ៍សាត់ មកពីបក្សភ្លើងទៀន ព្រមទាំងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តពោធិ៍​សាត់ ជាសមាជិកជាន់ខ្ពស់របស់បក្សភ្លើងទៀនតាមឃុំ/សង្កាត់នានា។ ក្រៅពីនោះសុទ្ធសឹងជាសមាជិក​សកម្ម​របស់បក្សភ្លើងទៀន នៅក្នុងខេត្តពោធិ៍សាត់។

ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកាបក្សភ្លើងទៀនមកពីខេត្តពោធិ៍សាត់ បានសម្តែងការខឹងសម្បា និងមិនពេញចិត្តនោះឡើយ ចំពោះការសម្រេចិត្តរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន។ ក្រុមអ្នកតវ៉ា បានលើកឡើងថា ថ្នាក់ដឹកនាំបក្សភ្លើងទៀន តែងតាំងខ្លួនជាអ្នកគោរព និងលើកស្ទួយប្រជាធិបតេយ្យ តែការកិច្ចការផ្ទៃក្នុងរបស់បក្សមិនមានប្រជាធិបតេយ្យអ្វីនោះឡើយ ពោលចង់ដក ឬដាក់ស្រេចតែចិត្តរបស់ពួកគេ ដោយមិនផ្តល់ឱកាសសមាជិកបក្សដឹងឮអ្វីនោះឡើយ។

លោក ប៉ុល វណ្ណរិទ្ធិ បានសម្តែងការសោកស្តាយលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន ព្រោះថា ជាអ្នកបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងទ្រព្យធនជួយដល់បក្សរាប់ឆ្នាំមកហើយ។ ចុងក្រោយថ្នាក់ដឹកនាំបក្សដកចេញពីតំណែង ដោយមិនប្រាប់ពីមូលហេតុអ្វីទាំងអស់៕