(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងអាកាស បានលើកឡើងថា ទិវាអន្តរជាតិនារី ៨ មីនា ជាត្រីវិស័យដើម្បីចលនានៅទូទាំងប្រទេស សំដៅបន្តលើកកម្ពស់សិទ្ធិរបស់ស្ត្រីកម្ពុជា និយាយជារួម និងនិយាយដោយឡែកចំពោះយុទ្ធនារីក្នុងកងទ័ពជើងអាកាស។

ការលើកឡើងបែបនេះរបស់ នាយឧត្តមសេនីយ៍ សឹង សំណាង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សឹង សំណាង បានឱ្យដឹងថា តាមការសិក្សាប្រវត្តិសាស្ត្រ បានបង្ហាញថា នៅគ្រប់សម័យកាល ស្ត្រីតែងតែដើរតួនាទីដ៏សំខាន់ទាំងទិដ្ឋភាពក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ហើយនៅកម្ពុជាតាំងពីមុនសម័យអង្គររហូតដល់បច្ចុប្បន្ន ស្ត្រីក៏ត្រូវបានសង្គមកម្ពុជាឱ្យតម្លៃយ៉ាងខ្ពស់ដោយស្រ្តីបានដើរតួនាទីក្នុងការបម្រើផលប្រយោជន៍ឱ្យសង្គមលើគ្រប់វិស័យ ដូចជា៖ វិស័យ នយោបាយ សេដ្ឋកិច្ច យោធា តុលាការ។ល។ និងជាអ្នកដឹកនាំលើវិស័យជាច្រើនទៀតផងដែរ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្តថា នៅកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ គួបផ្សំជាមួយនឹងសកម្មភាព ព្រមទាំងសមិទ្ធផលជាច្រើនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ប្រកបដោយថាមពល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបង្ហាញយ៉ាងច្បាស់ពីគំរូវីរភាពដ៏ឆ្នើមរបស់លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតីដ៏ឈ្លាសវៃ ក្នុងការបំពេញបេសកកម្មលើវិស័យមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។

នាយឧត្តមសេនីយ៍ បានបន្តថា សមានចិត្តនៃអំពើមនុស្សធម៌ របស់លោកជំទាវបណ្ឌិត គឺជានិមិត្តរូប និងជាសក្ខីភាពក្នុងការឆ្លុះបញ្ចាំងនូវគំរូវីរភាព ក្នុងនាមជាថ្នាក់ដឹកនាំស្ត្រីដែលមានកិត្តិយស និងកិត្តិស័ព្ទល្បីល្បាញប្រកបដោយគុណធម៌ សីលធម៌ និងព្រហ្មវិហារធម៌ដ៏ប្រសើរខ្ពង់ខ្ពស់ ស័ក្តិសមជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លាបំផុត និងជាមាតាប្រកបដោយចរិយាធម៌ដ៏ប្រសើរក្រៃលែង។

នាយឧត្តមសេនីយ៍ សឹង សំណាង បានឱ្យដឹងថា សមភាពយេនឌ័រ នៅកម្ពុជាបានចែងយ៉ាងច្បាស់ក្នុងច្បាប់ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ ព្រមទាំងច្បាប់នានា ដែលបានបញ្ចូលជាផ្លូវការក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល។

នាយឧត្តមសេនីយ៍ សឹង សំណាង បានកោតសរសើរចំពោះយុទ្ធនារីគ្រប់រូប ដែលបានបំពេញភារកិច្ចប្រកប ដោយភាពអំណត់ ព្យាយាមពុះពារគ្រប់ឧបសគ្គ និងលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមចំណែកក្នុងការបំពេញភារកិច្ច និងកសាងអង្គភាពទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជូនកងទ័ពជើងអាកាសតាំងពីការកកើតរហូតដល់បច្ចុប្បន្ន ក៏ដូចជាបានចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់កងកម្លាំងជានារីនោះឡើយ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងតាងនាមឱ្យយុទ្ធជន យុទ្ធនារីកងទ័ពជើងអាកាសទាំងអស់ យើងខ្ញុំសូមកត់សម្គាល់ និងចាត់ទុកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាវីរៈស្ត្រីមនុស្សធម៌ប្រកបដោយព្រហ្មវិហារធម៌ ជាឥស្សរជនឆ្នើមនៃភាពជាអ្នកដឹកនាំរបស់ស្ត្រីខ្មែរបន្តវេនពីសម័យអង្គរដ៏រុងរឿងនៃយើង»

នាឧត្តមសេនីយ៍ ក៏បានណែនាំឱ្យមានការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃ និងប្រសិទ្ធភាពការងារដែលយុទ្ធនារីជាស្រ្ដីធ្វើបាន ព្រមទាំងធ្វើឱ្យមានតុល្យភាពក្នុងការបែងចែកផលរវាងបុរស និងស្ត្រី។ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់អំពើជួញដូរគ្រប់ប្រភេទជាអាទិ៍ជួញដូរមនុស្ស ពិសេសស្ត្រី កុមារ ព្រមជាមួយបញ្ហាគ្រឿងញៀន។ល។ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ ឱ្យបានជាអតិបរិមា នូវរាល់អំពើហិង្សា ការរើសអើងក្នុងគ្រួសារ និងសង្គមជាតិ។ នៅក្នុងគ្រួសារ ត្រូវចាត់ទុកថា ការងារក្នុងផ្ទះស្មើនឹងការងារក្រៅផ្ទះ តម្លៃសិក្សារបស់កូនស្រីស្មើនឹងកូនប្រុស។ ចំពោះនារីក្នុងកងទ័ពជើងអាកាស ត្រូវខិតខំប្រឹងប្រែងបង្កើននូវចំណេះដឹង ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។ នារីត្រូវបន្តរក្សា និងលើកកម្ពស់ប្រពៃណីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ពង្រឹងវប្បធម៌សន្តិភាព របស់ស្ត្រីឱ្យបានគង់វង្ស៕