(ភ្នំពេញ)៖ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្នែកវប្បធម៌ រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋាភិបាលអង់គ្លេស ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់ (MOU) ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់។ នេះបើតាមក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

ការស្នើនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស ជួបប្រជុំជាមួយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូប បានប្រជុំពិភាក្សាការងារបន្ថែម ផ្តោតចំណុចសំខាន់ៗមួយចំនួនដូចជា៖

* ១៖ ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់ (MOU) ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់

* ២៖ ជួយសម្របសម្រួលក្នុងការបញ្ជូនអ្នកជំនាញមកជួយអភិរក្សសមុច្ច័យអំពីមាស និងជួយផ្តល់គំនិតយោបល់ក្នុងការរៀបចំដាក់តាំងសមុច្ច័យទាំងនោះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ពោលគឺការរក្សាការពារមិនឱ្យមានការឡើងស្នឹមនិងខូចខាតពីសំណើមក្នុងពេលដាក់តាំងបង្ហាញ

* ៣៖ ពិនិត្យលទ្ធភាពនៃការបញ្ជូនមន្ត្រីជំនាញទៅសិក្សាវគ្គបណ្តុះបណ្តាលខ្លី ឬ វែងនៅចក្រភពអង់គ្លេសបន្ថែមទៀត ជាពិសេសគឺនៅសាកលវិទ្យាល័យ SOAS នៃចក្រភពអង់គ្លេស(SOAS University of London)។

លោក ស៊ុំ ម៉ាប់ ប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «អនុស្សារណៈនេះ គ្រាន់តែជាសំណើដែលភាគីកម្ពុជាបានស្នើសុំទៅភាគីអង់គ្លេស ដើម្បីពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាទ្វេភាគីបន្ថែមទៀតនាពេលអនាគត។ ការងារនេះ នឹងចំណាយពេលវេលាយូរបន្ថែមទៀត ម្លោះហើយប្រសិនបើទទួលបានដំណឹងវិជ្ជមានណាមួយបន្ថែមទៀត ក្រសួងនឹងផ្តល់ដំណឹងបន្តដល់សាធារណជន»។

ក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ បានបន្តថា បើទោះជាប្រទេសកម្ពុជាពុំទាន់មាន MOU ជាមួយប្រទេសអង់គ្លេស ប៉ុន្តែកម្ពុជានៅមានលទ្ធភាពក្នុងការទាមទារវត្ថុបុរាណខុសច្បាប់ត្រឡប់មកវិញ ដោយហេតុថា ប្រទេកម្ពុជាទទួលបានកិច្ចសហការល្អជាមួយអាជ្ញាធរនៃប្រទេសអង់គ្លេស ក្នុងការសម្របសម្រួលនាំយកវត្ថុបុរាណទាំងនោះត្រឡប់មកវិញ។ បន្ថែមពីនោះ ប្រទេសទាំងពីរជារដ្ឋភាគីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧០ ស្តីពីការហាមឃាត់និងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការផ្ទេរកម្មសិទ្ធិនៃសម្បត្តិវប្បធម៌ខុសច្បាប់។

ចាប់ពីឆ្នាំ១៩៩៦មក សារមន្ទីរទទួលវត្ថុបុរាណចំនួន ១៥៤វត្ថុ ក្នុងនោះមានគ្រឿងអលង្ការ ចំនួន ១៣៦វត្ថុ។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ និងជាសមាជិកក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌៕