Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ វិមាន អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្ត ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា

02-09-2016 16:43

(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទូទាំងខេត្ត ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។

ការថ្លែងបែបនេះរបស់លោក គង់ វិមាន បានធ្វើឡើងនៅពេលដែលលោក និងប្រជាពលរដ្ឋជាច្រើននាក់ បានអញ្ជើញទៅចុះឈ្មោះ បោះឆ្នោត នៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១ ស្ថិតនៅមណ្ឌលចុះឈ្មោះបោះឆ្នោត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។ នេះជាថ្ងៃទី២ហើយ ដែលជាថ្ងៃកំណត់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើមី្បធ្វើការចុះបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមាន អាយុគ្រប់បោះឆ្នោត នៅតាមបណ្តាឃុំ សង្កាត់ នៅទូទាំងប្រទេសកម្ពុជា។

លោក គង់ វិមាន បានឲ្យដឹងថា ដើមី្បរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងការអញ្ជើញមកចុះឈ្មោះបោះឆ្នោត អាជ្ញាធរខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញដល់អាជ្ញាធរ និងកម្លាំង សមត្ថកិច្ច បង្កើនក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូន។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញមក ចុះឈ្មោះឲ្យបាន គ្រប់ៗគ្នា ចំពោះ បងប្អូនដែលជាបុគ្គលិក កម្មករ គ្រប់ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន និងសហគ្រាស គឺមានសិទ្ធិមកចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋានដែលខ្លួនរស់នៅបាន ដោយមានធ្វើការបញ្ជាក់ទីកន្លែងស្នាក់នៅ ពីអាជ្ញាធរ មូលដ្ឋាននោះ។ ក្រោយពីចុះឈ្មោះរួចរាល់ លោក គង់ វិមាន បានបន្តចុះត្រួតពិនិត្យស្ថានភាពនៅការិយាល័យចុះឈ្មោះបោះឆ្នោតឃើញ មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត យ៉ាងច្រើន ហើយការរៀបចំសណ្តាប់ធ្នាប់ជូនពួកគាត់បានល្អ ក្នុងនោះមាន ឃុំសានគរ ស្រុកកំពង់ស្វាយ និងស្រុកស្ទោងមាន ឃុំចំណារក្រោម ឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង និងទ្រា។

តាមការបញ្ជាក់របស់លោក ប្រែង សាវុធ ប្រធានលេខាធិការដ្ឋានរៀបចំការ បោះឆ្នោតខេត្តកំពង់ធំ បានឲ្យដឹងថា នៅទូទាំងខេត្តកំពង់ធំ មានការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន៨១ឃុំ សង្កាត់មានការិយាល័យបោះឆ្នោតមានចំនួន១,០៥៣ ការិយាល័យការប៉ាន់ស្មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត មានចំនួន៤៥៥,០២៧នាក់ ចំនួនអ្នកចុះឈ្មោះ បោះឆ្នោតថ្ងៃទី១កញ្ញា មានចំនួន៣,៧២៨នាក់ ស្រី១,៧៦៣នាក់៕