(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន ប្រកាសដល់ប្រជាពលរដ្ឋ បើសិនសង្ស័យ មានជនបន្លំជាសមត្ថកិច្ចចុះបង្ក្រាប តាមផ្លូវសូមទាក់ទងលេខទូរស័ព្ទ: 097 778 0008។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅទី០៥ ខែមីនា ឆ្នាំ២០២៤

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គម នៅខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរ និងសូមបញ្ជាក់ជូនសាធារណជនថា៖

* ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់កម្លាំងសមត្ថកិច្ចជំនាញ ឲ្យចុះធ្វើការអនុវត្តវិធាន ការរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈ ដោយពុំមានការចូលរួមសហការពីសមត្ថកិច្ច
បរទេស ឬស្ថាប័នអន្តរជាតិណាមួយឡើយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

* ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស
អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលកំពុងរស់នៅ និងមកលេងកម្សាន្ត នៅក្នុងខេត្តព្រះសីហនុ គ្រប់កាលៈទេសៈទាំងអស់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និង
សណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ។

ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជនសង្ស័យ មានក្រុមក្លែងបន្លំជា សមត្ថកិច្ចចុះបង្ក្រាបតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬប្រទះឃើញមានបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ សូមរាយការណ៍មកស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ Hotline ៖ 097 778 0008 ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេល៕

ខាងក្រោមនេះ​ ជាសេចក្ដីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៖