(ព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុងអាម៉េ ២ខ្សែប្រវែង៦៥០ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដែលបានបើកកម្មពិធីដេញថ្លៃរួចរាល់ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាឃុំវាលរិញ។

ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការដឹកនាំសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ, លោក ខូវ ថាវនិត មេឃុំវាលរិញ និងមានការចូលរួមពីក្រុមការងារ បច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព។

បន្ទាប់ពីមានការបើកសំណើរដេញថ្លៃប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម៖

ផ្លូវបេតុងអាម៉េ ២ខ្សែមានប្រវែង៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ ស្លាកសញ្ញាចំនួន១ តម្លៃប៉ាន់ស្មាន ៣៣៩,៧៦៧,៨០០រៀល ក្រោយដាក់សំណើរដេញថ្លៃ គម្រោងបានទៅលើក្រុមហ៊ុន ស៊ន ង៉ែត ក្នុងនោះមានក្រុមហ៊ុនចំនួន០៨ បានចូលរួមដេញថ្លៃ។

ក្រោយបញ្ចប់កម្មពិធីបើកសំណើរ នាយកទីចាត់ការ ផែនការវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៤ បានដាក់ឱ្យដំណើរការដេញថ្លៃជាបន្តបន្ទាប់តាមបណ្តាឃុំ សង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បានបញ្ចប់គម្រោង និងទទួលបានសមទ្ធផលផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។

លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឱ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ដែលបានកំណត់ ដើម្បីឱ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឱ្យដំណើរការនៃការស្ថាបនាផ្លូវបានរលូនលឿន និងឆាប់បានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បានទាន់ពេលវេលាផដែរ។

លោកមេឃុំវាលរិញ បានលើកឡើងថា ក្នុងឃុំវាលរិញបើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ ក្នុងឆ្នាំ២០២៤នេះ ទទួលបានផ្លូវបេតុងវែងជាងមុន ពោលគឺមានប្រវែងដល់ទៅ ៦៥០ម៉ែត្រ ហើយក៏មានក្រុមហ៊ុនច្រើនដែលបានចូលរួមដាក់ដេញថ្លៃនារសៀលនេះ និងប្រកបដោយតម្លាភាព ហើយលោកសង្ឃឹមថាក្រុមហ៊ុនដែលទទួលបានគម្រោងនឹងអនុវត្តតាមកិច្ចសន្យា បច្ចេកទេសរបស់ក្រុមការងារ។

លោកបន្តថាពិតណាស់ពេលគម្រោងចាប់ផ្តើមប្រាកដជាប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយគេចមិនផុត ប៉ុន្តែក្នុងនាមលោកជាប្រធានក្រុមលទ្ធកម្មឃុំ លោកនឹងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋពីផលប៉ះពាល់មិនឱ្យមានការអាក់អន់ចិត្ត ដើម្បីទទួលបានផ្លូវស្អាត ងាយស្រួលក្នុងធ្វើដំណើរ កាពិតណាស់យើងត្រូវលះបង់នូវផលដំណាំបន្តិចបន្តួច បង្គោលថ្មរបង និងការប៉ះពាល់នានាទាំងអស់គ្នាដែលមានការប៉ះពាល់។

ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន ស៊ន ង៉ែត ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន៕