Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន និងលោក អាបេ ព្រមសម្រួលគ្នាដោះស្រាយ ជម្លោះដែនកោះ ដែលបានអូសបន្លាយជិត ៨០ឆ្នាំ

02-09-2016 16:42

(តូក្យូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា លោកសុខចិត្ត សម្របសម្រួលជាមួយ ជប៉ុនពាក់ព័ន្ធបញ្ហាវិវាទដែនដីកោះ ដែលបានប៉ះពាល់ដល់ ទំនាក់ទំនងប្រទេសទាំងពីរជិត ៨ទសវត្សរ៍ មកនេះ តែលោកបានបញ្ជាក់ថា បញ្ហានេះមិនរួមបញ្ចូល ផ្នែកពាណិជ្ជកម្មតាមកោះ ដែលរុស្ស៊ីកាន់កាប់ ផ្សេងទៀតនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

លោកប្រធានាធិបតីរុស្ស៊ី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Bloomberge News ក្នុងកិច្ចសម្ភាសន៍ផ្ទាល់មួយថា «យើងមិនពិភាក្សាអំពីការធ្វើពាណិជ្ជកម្ម ឬការដោះដូរអ្វីនោះឡើយ។ អ្វីដែលយើងពិភាក្សា គឺអំពីការស្វែងរកដំណោះស្រាយសមស្របណាមួយ ដែលមិនធ្វើឲ្យភាគីទាំងសងខាងខាតបង់»

លោក Putin គ្រោងនឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីហ្សូ អាបេ នៅថ្ងៃសុក្រនេះ ក្នុងជំនួបក្រៅ ផ្លូវការក្នុងសន្និសិទមួយធ្វើឡើងនៅក្រុង Vladivostok ដើម្បីជួបពិភាក្សាអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោក អាបេ ក៏សង្ឃឹមថា ការភ្ជាប់ចំណងសេដ្ឋកិច្ចដ៏រឹងមាំ ជាមួយប្រទេសរុស្ស៊ី នឹងពង្រឹងបន្ថែមនូវចំណង មិត្តភាពរវាងប្រទេសទាំងពីរ ខណៈពេលដែលប្រទេសចិន កំពុងតែមានអំណាចកើនឡើង។

ប៉ុន្តែបញ្ហាជាក់ស្តែង គឺតើជំនួបរវាងអ្នកដឹកនាំ ប្រទេសមហាអំណាចទាំងពីរនេះ អាចដោះស្រាយបញ្ហាដែនកោះ រវាងប្រទេសទាំងពីរបានដែរ ឬទេ។ សូមជម្រាបថា ការធ្វើការកាន់កាប់ដែនដីនៅក្បែរកោះ Hokkaido នៅប៉ុន្មានថ្ងៃចុងក្រោយ នៃសង្រ្គាមលោកលើកទី២ បានរារាំងមិនឲ្យប្រទេសរុស្ស៊ី និងប្រទេសជប៉ុនចុះហត្ថលេខាលើសន្ធិសញ្ញានៃការបញ្ចប់សង្រ្គាម ហើយដែលវាជាភាព រកាំរកុះនៃទំនាក់ទំនង រវាងប្រទេសទាំងពីរតរៀងមក៕