(ភ្នំពេញ)៖ ថ្លែងក្នុងការផ្លាស់ប្តូទស្សនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ នៅប្រទេសឡាវ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកឱ្យមានអសន្តិសុខសកលលោកបង្កឱ្យកើតមានជម្លោះថ្មីៗ ហើយធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាក។

កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមមូលបទ «អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា៖ «ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរួមគ្នារបស់យើង ក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមធំៗ ដែលយើងអាចនឹងជួបប្រទះ។ ក្នុងន័យនេះ យើងចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយនូវការបោកបក់នៃភូមិសាស្ត្រនយោបាយ»

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿជឿជាក់ថា អាស៊ាន គឺសាកសមជាស្ពានជួយលើបញ្ហានោះ។ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus) ជាវេទិកាតែមួយគត់ ដែលប្រទេសមហាអំណាច ចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមគ្នាឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមរួម។

នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នាឱកាសនោះបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូទស្សនគ្នាទៅវិញទៅមក ស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូ ខាងក្រៅ ការគិតគូ លើការពង្រឹងឯកភាពនិង មជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ ជាក់ស្វែងក្រោមយន្តការ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus) ដែលមានស្រាប់។

ជាមួយគ្នានោះរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានផ្លាស់ប្តូរទស្សនៈ ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។    

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសម្តែងក្តីរំភើប ដោយបណ្តាប្រទេសមិនមែនបូក និងដៃគូខាងក្រៅជាច្រើន មានការចាប់អារម្មណ៍ចូលរួមកិច្ចសហប្រតិបត្តិការជាមួយ ADMM និង ADMM -បូក ។

ដៃគូខាងក្រៅមួយចំនួន បានបន្តដាក់ពាក្យស្នើសុំជាអ្នកសង្កេតការណ៍របស់ក្រុមការងារជំនាញ ADMM-បូក ដោយសារតែភាពជោគជ័យរបស់កម្មវិធីសង្កេតការណ៍នេះ នៅក្នុងជុំកន្លងទៅ។ ហើយប្រទេសខ្លះ ថែមទាំងបានដាក់ពាក្យស្នើសុំ ជាសមាជិកពេញសិទ្ធិ ADMM-បូក ថែមទៀតផង។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសង្កត់ធ្ងន់ថា៖ «ការកើនចំណាប់អារម្មណ៍នេះ ជាសក្ខីកម្មមួយដែល ADMM និង ADMM បូក ជាវេទិកាមានប្រសិទ្ធភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់»

ក្នុងនាមជាសហប្រធាន នៃក្រុមការងារជំនាញ ស្តីពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន កម្ពុជានឹងធ្វើការរួមគ្នាជាមួយអូស្ត្រាលី និងបណ្តាប្រទេស ADMM-បូកទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយបញ្ចូលនូវរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ និងការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីការងាររបស់ក្រុមការងារជំនាញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងសេចក្តីសង្ឃឹមថា នឹងមានឱកាសរៀបចំ លំហាត់រួមគ្នា ជាមួយនឹងក្រុមការងារជំនាញណាមួយដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាពអន្តរប្រតិបត្តិការ និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ក្នុងចំណោម កងទ័ពរបស់យើង។

គួរឱ្យដឹងថា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន (ADMM ) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤, នាយឧត្តមសេនីយ៍ ទៀ សីហា អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕