(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដោយសារការផ្ដល់ទំនុកចិត្ត ពីវិនិយោគិន ទៅលើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទើបធ្វើឲ្យគម្រោងវិនិយោគនៅកម្ពុជា មានកំណើនខ្ពស់។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជានៅតែទទួលបានការស្នើសុំបង្កើតរោងចក្រ ដាក់ទុនវិនិយោគ។ ជាក់ស្ដែងក្នុងអំឡុងខែមករា ឆ្នាំ២០២៣ កម្ពុជាអនុញ្ញាតឲ្យវិនិយោគ លើម្រោងចំនួន៣២គម្រោងជាចំនួនកើនឡើង បើធៀបនឹងខែមករា ឆ្នាំ២០២២ មានត្រឹម១៦គម្រោង។ នេះជាតួលេខកើនឡើងមួយជាពីរ សម្រាប់ទឹកប្រាក់វិញក្នុងឆ្នាំ២០២៣ ទឹកប្រាក់មានការកើនឡើង ៤.៩ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២ ចំណែកគម្រោងវិនិយោគមានចំនួន ២៦៨គម្រោងនៅឆ្នាំ២០២៣ ចំណែកឆ្នាំ ២០២២មានត្រឹម ១៨០គម្រោងប៉ុណ្ណោះ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា «ការកើនឡើងនេះ បានបង្ហាញពីជំនឿជឿទុកចិត្តរបស់អ្នកវិនិយោគ លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹងនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អ្នកវិនិយោគជឿលើសុខសន្ដិភាព សណ្ដាប់ធ្នាប់, សុវត្ថិភាព, ស្ថេរភាពនយោបាយ, ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បើមិនមានស្ថេរភាពនយោបាយ, ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច សន្ដិភាពសណ្ដាប់ធ្នាប់នោះទេ នោះកម្ពុជាមិនអាចទាក់ទាញវិនិយោគបានទេ»

ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាកត្តាយ៉ាងសំខាន់ ដែលត្រូវតែបន្ដរក្សាសុខសន្ដិភាពឲ្យបានគង់វង្ស ដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាស ទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋ សុខសន្ដិភាពបានផ្ដល់ឱកាស ដល់រាជរដ្ឋាភិបាលទៅទាក់ទាញអ្នកទេសចររាប់លាននាក់មកកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ, សុខសន្ដិភាពផ្ដល់ឱកាស ដល់រាជរដ្ឋាភិបាលនាំយកផលិតផល កសិផល របស់កម្ពុជា ទៅលក់នៅបរទេស បង្កើតការងារជូនពលរដ្ឋ ហើយសុខសន្ដិភាពនេះ បានផ្ដល់ឱកាសដល់ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធធ្វើហេដ្ឋារចនាសម្ព័ន្ធ ស្ពាន, សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអ្វីៗជាច្រើនទៀត សុខសន្ដិភាពមិនត្រឹមតែផ្ដល់សេចក្តីសុខប៉ុណ្ណោះទេ ប៉ុន្ដែបានកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋទៀតផង។

ឧបនាយករដ្ឋមន្ត្រីបានបន្ដថា អ្នកវិនិយោគពិតជាបង្ហាញទស្សនៈជឿជាក់ លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាក់ស្ដែងដូចនៅក្នុងប្រទេសជប៉ុន កម្ពុជាបានធ្វើសិក្ខាសាលាមួយ នៅក្នុងប្រទេសជប៉ុន ផ្សព្វផ្សាយពីការវិនិយោគនៅកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនប្រមាណជាង ១០០ក្រុមហ៊ុនចូលរួម ក្នុងនោះមានក្រុមហ៊ុនជប៉ុនចំនួន ២៥ក្រុមហ៊ុន បង្ហាញថា ចាប់អារម្មណ៍ក្នុងការដាក់ទុននៅកម្ពុជា នេះជាចំនួនដល់ច្រើន។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ការចាប់អារម្មណ៍ពីវិនិយោគិនបរទេសនេះ ដោយសារតែកត្តាសុខសន្ដិភាព​, ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ កត្តាមួយទៀត គឺកម្ពុជា នៅចំកណ្ដាលតំបន់អនុតំបន់មេគង្គ។ ក្នុងនោះច្បាប់វិនិយោគនៅកម្ពុជា ក៏មានការលើកទឹកចិត្តច្រើន ល្អ ទូលំទូលាយ ចំពោះអ្នកវិនិយោគចង់ជួបរាជរដ្ឋាភិបាល ឬសមាជិករាជរដ្ឋាភិបាល គឺមានភាពងាយស្រួល ដោយគ្រាន់តែទូរស័ព្ទ ឬប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងផ្សេងៗជាច្រើនទៀត។

កត្តាមួយទៀត គឺកម្ពុជាបានបង្កើតក្រុមការងារបច្ចេកទេសចំនួន១៥​ ដែលមានសហប្រធានមកពីផ្នែកឯកជន និងផ្នែករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាដែលផ្នែកឯកជនមាន ក្នុងករណីរដោះស្រាយមិនបាន យើងនឹងលើបញ្ហានេះទៅប្រជុំវេទិការរាជរដ្ឋាភិបាល និងផ្នែកឯកជន ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត កត្តាទាំងនេះហើយ ដែលធ្វើឲ្យវិនិយោគិនសម្លឹងឃើញថា កម្ពុជាអាចដោះស្រាយបញ្ហា របស់អ្នកវិនិយោគបាន ប្រសិនបើមានបញ្ហាណាមួយកើតឡើង៕