(ព្រះសីហនុ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្តព្រះសីហនុ មន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អន្តរសាសនាខេត្តព្រះសីហនុ។

ពិធីនេះដែរបានធ្វើឡើងក្រោមការរៀបចំរបស់ព្រះឧត្តមវិជ្ជា គង់ ប្រុស ព្រះមេគណស្តីទីខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមកពីព្រះពុទ្ធសាសនា គ្រីស្ទសាសនា អ៉ីស្លាម និងសាសនាផ្សេងៗសរុប១៣០អង្គ នាក់ ដើម្បីផ្សព្វផ្សាយ អប់រំ បន្ត។

លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានស្វាគមន៍ និងរាយការណ៍ថា ខេត្តព្រះសីហនុបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយសុខដុមនីយកម្មសាសានា អ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំតែងបានចូលរួមផ្សព្វផ្សាយ អប់រំ បង្ការនូវបញ្ហាផ្សេងៗក្នុងសហគមន៍មូលដ្ឋាន។

ក្នុងនាមលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានៈគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ, លោក គង់ វីតាណ: អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ កោតសសើរ និងសូមឱ្យអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំខិតខំចាប់យកនូវចំណេះដឹងពីបញ្ហាគ្រឿងញៀនដើម្បីយកទៅផ្សព្វផ្សាយបន្តឱ្យបានផុលផុសដល់ក្រុមគ្រួសារ បរិស័ទទាំងក្នុងផ្ទះ និងសហគមន៍ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនពីផ្ទះ និងសហគមន៍។

ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានកោតសសើរ និងអរគុណដល់កិច្ចសហការរៀបចំសិក្ខាសាលាចូលរួមឆ្លើយតបជាមួយរាជរដ្ឋាភិបាលនីតិកាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនេជាការងារអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអនុវត្តឱ្យបានខ្ជាប់ខ្ជួនការចូលរួមពីព្រះសង្ឃ គណៈអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ក្រុមជំនុំជាកម្លាំងសំខាន់ចាំបាច់ក្រៅពីអប់រំព្រះធម៌ត្រូវអប់រំពីបញ្ហាគ្រឿងញៀនដល់ក្រុមគ្រួសារយើង បរិស័ទយើង «ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិខ្ញុំគ្មានគ្រឿងញៀន សហគមន៍មានសុវត្ថិភាពគ្មានគ្រឿងញៀន «ហើយទីណាគ្មានអ្នកជក់ គឺគ្មានអ្នកលក់គ្រឿងញៀន»

ថ្លែងក្នុងនាមលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោក ឈិត សុគន្ធី រដ្ឋលេខាធិការ បានថ្វាយតម្លៃខ្ពស់ ចំពោះគ្រប់ផ្នែកទាំងអស់ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃដើម្បីចូលរួមក្នុងសិក្ខាសាលាដើម្បីទទួលបាននូវចំណេះដឹង និងបទ ពិសោធន៍ ដើម្បីបង្ការទប់ស្កាត់ខ្លួនពីផលប៉ះពាល់នៃគ្រឿងញៀន និងចែករំលែកទៅដល់សាសនិកផ្សេងៗទៀត ដើម្បីបង្ការ និងចៀសឆ្ងាយពីគ្រឿងញៀន។

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានបន្តថា គោលនយោបាយសុខដុមនីយកម្មសាសនារបស់រាជរដ្ឋាភិបាល គឺផ្តល់សិទ្ធិ សេរីភាព ជំនឿ ដល់គ្រប់សាសនិកទាំងអស់អាចសិក្សាស្វែងយល់ ចូលរួមជាមួយសាសនាណាមួយតាមចិត្តចង់ព្រោះថាគ្រប់សាសនាទាំងអស់សុទ្ធតែបានអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ ដើម្បីទទួលបានសេចក្តីសុខ ហើយការចូលរួមផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀនដល់បរិស័ទរបស់ខ្លួនពីព្រះសង្ឃ គណៈអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ក្រុមជំនុំ គឺជាការសាងនូវអំពើល្អ យើងនឹងទទួលបានសេចក្តីសុខ ដោយគ្មានអំពើហិង្សា និងឧក្រិដ្ឋកម្ម។

ក្នុងពិធីបើកនោះ ក៏មានចែកបណ្ណសរសើរដល់អ្នកចូលរួមរៀបចំសិក្ខាសាលាដើម្បីជាកាលើកទឹកចិត្តផងដែរ៕