(ព្រះសីហនុ)៖ អាកាសធាតុនៅលើផ្ទៃសមុទ្រ នាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ មានសភាពមិនសូវល្អ នោះទេដោយផ្ទៃមេឃ មានពពកច្រើនដេសដាស់ ខ្យល់ខ្លាំង និងទឹករលកបោកបក់ធំៗ ដែលភ្ញៀវទេសចរទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់។
នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ លោកស្នងការបានបញ្ជាក់ថា «នៅរសៀល ថ្ងៃនេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេសដាស់ កម្លាំងខ្យល់បក់ខាងលើ និងទឹក រលកខ្លាំង។ នៅឆ្នេរអូឈើទាល ទឹករលកបែកផ្កាត្រែង ដែលអាកាសធាតុបែបនេះស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះ ខ្យល់និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។
បើតាមលោកស្នងការ ដោយសារស្ថានភាពអាកាសបែបនេះ លោកបានបញ្ជាឲ្យកងកម្លាំងនគរបាល ចុះទៅត្រៀមនៅតាមតំបន់ឆ្នេរ និងកំពង់ផែ ដើម្បីត្រៀមជួយអន្តរាគមន៍ នៅពេលមានហេតុការណ៍ណាមួយនោះ៕