(អូស្ដ្រាលី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបើកវេទិការធុរកិច្ចអូស្ដ្រាលី-កម្ពុជា នាទីក្រុងមែលប៊ន នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា អូស្ត្រាលី គឺជាគោលដៅដ៏ពេញនិយមសម្រាប់និស្សិតកម្ពុជា ក្នុងការចាប់យកឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយចំនួននិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យអូស្ត្រាលី មានការកើនឡើងគួរឲ្យកត់សម្គាល់។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការកើនឡើងចំនួននិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសអូស្ដ្រាលីនេះ មិនមែនគ្រាន់តែអំពីសញ្ញាបត្រទេ ពោលគឺអំពីការកសាងការយល់ដឹងពីគ្រប់ជំនាន់ ខណៈការពង្រីកទំនាក់ទំនងរវាងប្រជាជនកម្ពុជា-អូស្រាលី តាមរយៈការអប់រំ ទេសចរណ៍ និងវប្បធម៌បន្សុទ្ធមូលដ្ឋានទំនាក់ទំនងរបស់យើងបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការពង្រីកទំនាក់ទំនងរវាងប្រជាជនយើងតាមរយៈការអប់រំ ទេសចរណ៍ និងវប្បធម៌បន្សុទ្ធមូលដ្ឋានទំនាក់ទំនង របស់យើងបន្ថែមទៀត។ អូស្ត្រាលី គឺជាគោលដៅដ៏ពេញនិយមសម្រាប់និស្សិតកម្ពុជា ក្នុងការចាប់យកឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយចំនួននិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យអូស្ត្រាលីមានការកើនឡើងគួរឲ្យកត់សម្គាល់។ នេះមិនមែនគ្រាន់តែអំពីសញ្ញាបត្រទេ គឺអំពីការកសាងការយល់ដឹងពីគ្រប់ជំនាន់»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា សហគមន៍ខ្មែរ-អូស្ត្រាលីដ៏រស់រវើក ដើរតួជាស្ពាន និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិ។ យោងតាមជំរឿនអូស្ត្រាលី ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរជាង៥៧,០០០នាក់ ហៅអូស្ត្រាលីថាជាផ្ទះរបស់ពួកគេ។ ជនជាតិខ្មែរ-អូស្ត្រាលីជំនាន់ទី២ ត្រូវបានដាក់បញ្ចូលទៅក្នុងសង្គមអូស្ត្រាលី ខណៈពេលដែលមានការកោតសរសើរចំពោះឫសគល់វប្បធម៌របស់ពួកគេ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា អូស្ត្រាលី និងកម្ពុជា រីករាយនឹងភាពជាដៃគូដែលបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រដ៏រឹងមាំ។ ទំនាក់ទំនងការទូតផ្លូវការបានចាប់ផ្តើមនៅឆ្នាំ១៩៥២ ដែលបង្ហាញពីការទទួលស្គាល់ដំបូងរបស់ប្រទេសអូស្ត្រាលីអំពីឯករាជ្យភាពរបស់ប្រទេសកម្ពុជា។
ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ អូស្ត្រាលីតែងតែដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈតួនាទីសំខាន់របស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាជំនួយជាបន្តបន្ទាប់ក្នុងវិស័យជាច្រើនដូចជា ការអប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន និងសុខភាព៕