(អូស្ត្រាលី)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សហគមន៍ខ្មែរ-អូស្ត្រាលី ដ៏រស់រវើកដើរតួជាស្ពាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ បើយោងតាមជំរឿនអូស្ត្រាលីឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរជាង ៥៧,០០០នាក់ ហៅអូស្ត្រាលីថាជាផ្ទះរបស់ពួកគេ។
ការលើកឡើងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងសន្ទរកថាថ្លែងជាភាសាអង់គ្លេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «លើសពីនេះសហគមន៍ខ្មែរ-អូស្ត្រាលីដ៏រស់រវើក ដើរតួជាស្ពាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិយើង។ យោងតាមជំរឿនអូស្ត្រាលីឆ្នាំ ២០២១ ប្រជាពលរដ្ឋខ្មែរជាង ៥៧,០០០នាក់ ហៅអូស្ត្រាលីថាជាផ្ទះរបស់ពួកគេ»។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជនជាតិខ្មែរ-អូស្ត្រាលីជំនាន់ទី២ ត្រូវបានដាក់បញ្ចូលទៅក្នុងសង្គមអូស្ត្រាលី ខណៈពេលដែលមានការកោតសរសើរចំពោះឫសគល់វប្បធម៌របស់ពួកគេ។ រឿងរ៉ាវរបស់ពួកគេគឺជារឿងមួយនៃការជម្នះឧបសគ្គ កសាងជីវិតឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យមានមរតកដ៏រស់រវើក។
ទន្ទឹមនឹងនេះដែរ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅថ្នាក់តំបន់តួនាទីសកម្មរបស់កម្ពុជាក្នុងអាស៊ាន បានដើរតួនាទីជាកាតាលីករសម្រាប់ពង្រឹងទំនាក់ទំនងជាមួយប្រទេសអូស្ត្រាលី។ យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ របស់រដ្ឋាភិបាលអូស្ត្រាលីពង្រឹងសន្ទុះនេះ ដោយត្រួសត្រាយផ្លូវសម្រាប់ការចូលរួមសេដ្ឋកិច្ចកាន់តែច្រើនជាមួយកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា យុទ្ធសាស្ត្រនេះ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា៖ ការធ្វើឱ្យប្រសើរតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-នូវែលសេឡង់ (AANZFTA) (ចុះហត្ថលេខាក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពី និងនៅទូទាំងអាស៊ីអាគ្នេយ៍។ ភាពជាដៃគូនេះបានប្រែក្លាយទៅជាកំណើនជាប់លាប់នៅក្នុងពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី ជាពិសេសក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលកសិកម្មដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើត្រូពិចបានកើនឡើង ដែលជានិន្នាការមួយជួយដោយការទទួលបានទីផ្សារអនុគ្រោះដែលផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «នៅពេលដែលយើងឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី វាបង្ហាញថានៅតែមានសក្តានុពលដែលមិនទាន់បានប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ខ្ញុំចាំថាឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងការទូតរបស់យើង»។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា បានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគី ដើម្បីរំលឹកខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរនៅកម្ពុជា និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគ និងវិស័យពាក់ព័ន្ធនានា៕