(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយ លោក ស្ដេហ្វាន ឌីយ៉ុន (Stéphane Dion) រដ្ឋមន្ដ្រីក្រសួងការបរទេសកាណាដា នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានអះអាងថា លោក ស្ដេហ្វាន ឌីយ៉ុន ចង់ឃើញការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្ដិធម៌ ហើយគ្រប់គណបក្សនយោបាយនៅកម្ពុជា ប្រកួតប្រជែងគ្នាដោយស្មើភាព។
នៅលើបណ្តាញសង្គម Facebook របស់ លោក កឹម សុខា បានផ្សព្វផ្សាយថា លោក ស្ដេហ្វាន ឌីយ៉ុន បានលើកឡើងថា ប្រទេសកាណាដា ចង់ឲ្យមានកិច្ចសហប្រតិបត្ដិការ ជាមួយប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋទាំងពីរលើវិស័យមួយចំនួន។ ជាការឆ្លើយតប លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ធ្វើទៅបានអាស្រ័យលើប្រជាធិបតេយ្យនៅកម្ពុជា ធ្វើដំណើរទៅមុខមិនមែន ធ្វើដំណើរថយក្រោយនោះទេ។
គួរបញ្ជាក់ថា លោក ស្ដេហ្វាន ឌីយ៉ុន រដ្ឋមន្ដ្រីក្រសួងការបរទេស ប្រទេសកាណាដា បានធ្វើដំណើរទស្សនកិច្ច មកកម្ពុជារយៈពេល៣ ថ្ងៃ ពោលគឺ នៅថ្ងៃទី០១-០២-០៣ ខែកញ្ញា ឆ្នាំ២០១៦។ នៅអំឡុង ទស្សនកិច្ចនេះ រដ្ឋមន្ដ្រីក្រសួងការបរទេស ប្រទេសកាណាដា ចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា និងបានចូលជួបសម្តែងការគួរសម ជាមួយ សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់មកនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ស្ដេហ្វាន ឌីយ៉ុន ក៏បានជួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង តំណាងគណបក្សប្រឆាំងផងដែរ៕