(អូស្ត្រាលី)៖ តមតាមការអញ្ជើញរបស់លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ, លោកបណ្ឌិត បានអញ្ជើញទស្សនាមជ្ឈមណ្ឌលព័ត៌មាន និងប្រឹក្សាយោបល់ Marketplace ដែលបង្កើតឡើងដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារធុរកិច្ច អាកាសធាតុ និងថាមពល និងវិស័យផ្សេងៗទៀត ដែលជាផ្នែកមួយនៃព្រឹត្តការណ៍អមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។ Marketplace មានអ្នកចូលរួមប្រមាណ ៤៥០នាក់ មកពីវិស័យផ្សេងៗ រួមទាំងទីភ្នាកងាររដ្ឋាភិបាលរបស់អូស្ត្រាលី សហគ្រាសធុនតូច និងមធ្យម ស្ថាប័នសិក្សាធិការ និងអ្នកវិនិយោគជាដើម។

នៅក្នុងឱកាសនោះដែរ លោ្អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញទស្សនាស្តង់ AustCham ASEAN និងស្តង់ផ្សេងៗផងដែរ។

នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sky News សារព័ត៌មាន Australian Financial Review និងកាសែត The Australian របស់អូស្ត្រាលី មុនពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

នៅក្នុងកិច្ចសម្ភាសន៍ អគ្គលេខាធិការអាស៊ាន បានបញ្ជូនសារទៅដល់ពិភពលោកបានដឹងអំពីសារៈសំខាន់នៃការចូលរួមចំណែករបស់អាស៊ាន ទៅក្នុងសន្តិភាព និងការអភិវឌ្ឍរបស់តំបន់ផងដែរ។

នៅល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី លោកបណ្ឌិត កៅ គឹមហួន បន្តបានជួបពិភាក្សាការងារជាមួយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកស្តីពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបញ្ហាតំបន់នានា ហើយភាគីទាំងពីរ បានឯកភាពបន្តធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ស្របពេលឆ្នាំនេះជាខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

នៅល្ងាចដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសាស្ត្រាចារ្យ Tim Harcourt សម្រាប់កម្មវិធីទូរទស្សន៍ អំពី កិច្ចសន្ទនាភាពជាអ្នកដឹកនាំអាស៊ានផ្លាស់ប្តូរដ៏អស្ចារ្យ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានគូសរំលេចអំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ឆ្ពោះទៅការពង្រឹងសន្តិភាព វិបុលភាព និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕