(ម៉ែលប៊ន, អូស្ត្រាលី)៖ កម្ពុជា និងហ្វីលីពិន បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀតលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់។
ការឯកភាពនេះ បានធ្វើឡើងតាមរយៈជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពិន នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ទីដែលមេដឹកនាំទាំងពីចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍ដៃគូសន្ទនារវាងអាស៊ាន-អូស្ត្រាលី។
ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ និងបានបញ្ជាក់ថា ជំនួបនេះជាឱកាសដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សាគ្នាលើវិស័យសំខាន់ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន ដែលរួមមានដូចជា៖ វិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងការតភ្ជាប់។
ក្នុងវិស័យពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា សម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ចំពោះការតភ្ជាប់ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយសម្តេចធិបតី និងលោកប្រធានាធិបតី បានឯកភាពគ្នា សិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរឱ្យបានកាន់តែសម្បូរបែប។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ជាមួយការប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅដល់ការធ្វើលំហាត់ទ្វេភាគីនាថ្ងៃអនាគត។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនទៀតពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមរវាងកម្ពុជា-ហ្វីលីពីន៕