(ម៉ែលប៊ន, អូស្ត្រាលី)៖ កម្ពុជា និងអូស្ត្រាលី បានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីលើកកម្ពស់ និងជំរុញសកម្មភាពធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យល្អប្រសើរថែមទៀត។
ការព្រមព្រៀងនេះ បានកើតមានឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) នៅរសៀលថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនោះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកនាយកប្រតិបត្តិ ក៏បានជម្រាបសម្ដេចធិបតីថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ក្រុមហ៊ុន ហើយផ្ដល់ឱកាសការងារជាង១លានកន្លែង។ លោកនាយកប្រតិបត្តិ ក៏បានជម្រាបសម្ដេចធិបតីផងដែរថា ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលីជាមួយបណ្តាប្រទេសនានា។
លោក Bran Black បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយបណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានបណ្ដាប្រទេសនៅតំបន់អាស៊ានផងដែរ។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី និងសហការី ដែលបានជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបតិ្តថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ សម្ដេចធិបតី ប្រកាសស្វាគមន៍ដោយក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីជាមួយកម្ពុជា។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងធានាបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញអំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងលេីកទឹកចិត្តឱ្យមានការវិនិយោគលេីវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំអគ្គិសនី និងគ្រឿងបង្គំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតី និងលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នាបង្កើតយន្តការមួយបន្ថែមទៀត គឺក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council)ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី បន្តធ្វើកិច្ចសហការរៀបចំយន្តការនេះ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា៕