(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ១៨៨គ្រឿង ម៉ូតូ និង Passapp ចំនួន៥៨គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ១៨៨នេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន៩នាក់ រកឃើញវិជ្ជមានចំនួន១នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី២៖ ធ្វើតេស្តរកសារធាតុញៀន៤នាក់ (អវិជ្ជមាន)។
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន១៤៩គ្រឿង (គ្មានអាវុធឆ្លងកាត់)។
*ទី៤៖ ផាកពិន័យអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងគ្មានមួកសុវត្ថិភាពចំនួន៤នាក់។
*ទី៥៖ ឃាត់រក្សាទុករថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងបើកបរក្នុងស្ថានភាពស្រវឹង។

គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕