(ម៉ែលប៊ន, អូស្ត្រាលី)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វេីលប្រ៊ីដគ្រុប (WorldBridge Goup) និងជាអនុប្រធាន រួមទាំងប្រធានគណៈកម្មាការទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគអន្តរជាតិ នៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាមួយមានឈ្មោះថា «ទាញយកប្រយោជន៍ខ្សែច្រវាក់ផ្គត់ផ្គង់ និងការវិនិយោគ» (Leveraging Supply Chains and Investment) នៅឯកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។

កិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំមកពីទូទាំងអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់។

អំឡុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកចំណេះជំនាញរបស់លោក ក្នុងនាមជាអ្នកផ្តល់សេវាភ័ស្តុភារធំជាងគេនៅកម្ពុជា យ៉ាងដូច្នេះថា «ខ្ញុំជឿថា ជាទូទៅអាស៊ាន និងកម្ពុជា ជាពិសេសអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ប្រទេសអូស្ត្រាលី។ កម្ពុជា ជាជម្រើសបន្ថែមដ៏ល្អឥតខ្ចោះ និងមានធនធានច្រើនសម្រាប់ទាញយកផលប្រយោជន៍រួមទាំងប្រជាជនវ័យក្មេង និងដីមានជីជាតិផងដែរ។ បណ្ដាក្រុមហ៊ុនអូស្ត្រាលី អាចនឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅកម្ពុជា ហើយយើងសង្ឃឹមថានឹងឃើញការវិនិយោគរបស់អូស្ត្រាលី កាន់តែច្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ»

ឥស្សរជនសំខាន់ៗដែលមានវត្តមាននៅលើវេទិកាជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី សុទ្ធសឹងតែជាបុគ្គលឈានមុខគេក្នុងឧស្សាហកម្មភ័ស្ដុភារកម្មរបស់អូស្ត្រាលី រួមមានលោក Peter Fox អគ្គនាយកក្រុមហ៊ុន Linfox លោកស្រី Christine Holgate នាយកប្រតិបត្តិក្រុមក្រុម Team Global Express និងលោកស្រី Hermione Parsons នាយកប្រតិបត្តិក្រុមប្រឹក្សាភ័ស្តុភារកម្មអូស្ត្រាលី (Australian Logistics Council) ផងដែរ។

គួររម្លឹកថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ រួមជាមួយបណ្ដាប្រមុខរដ្ឋមកពីអាស៊ាន។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងជួបជាមួយថ្នាក់ដឹកនាំធុរកិច្ចអូស្ត្រាលី ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។ ជំនួបជាន់ខ្ពស់ទាំងនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ចំពោះសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសអូស្ត្រាលី និងតំបន់អាស៊ាន៕