(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់ផ្តល់ជូននូវការបំពេញបែបបទ និងនីតិវិធីការអនុញ្ញាតឱ្យជនបរទេសធ្វើការនៅកម្ពុជានៅលើប្រព័ន្ធអនឡាញ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ មីនា ឆ្នាំ២០២៤ នេះ។

លោក កត្តា អ៊ន បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធអនឡាញនេះ និយោជក ឬជនបរទេសអាចស្នើសុំសរវា មានដូចជា៖ ទី១៖ លិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (សម្រាប់និយោជក) ទី២.៖ការចុះបញ្ជិកាកិច្ចសន្យាការងារជនបរទេស (សម្រាប់និយោជក) និងទី៣. បណ្ណការងារ និងសៀវភៅការងារជនបរទេស (សម្រាប់សាមីជនបរទេស)។ ទម្រង់បំពេញបែបបទ និងនីតិវិធីទាំងនេះត្រូវបាន ក្រសួងការងារ ដាក់នៅលើគេហទំព័ររបស់ក្រសួងផ្ទាល់ ដើម្បីសម្រួលដល់និយោជក និងជនបរទេសប្រើប្រាស់គ្រប់ពេលវេលានៅលើប្រព័ន្ធអ៊ីនធើណេត រួមទាំងមានជាភាសារអង់គ្លេសផងដែរ។

លោកបានបន្តថា ប្រព័ន្ធគ្រប់គ្រងជនបរទេសតាមប្រព័ន្ធអនឡាញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលទៅដល់ជនបរទេសនូវសេវាកម្មទាំងអស់ ដែលទាក់ទងនឹង បណ្ណ និងសៀវភៅការងារ និងសេវាកម្ម នៃច្រកចេញចូលតែមួយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅលើប្រព័ន្ធអ៊ីនធើណេត។

បន្ថែមពីនេះ លោក កត្តា អ៊ន បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងពលករបរទេសតាមប្រព័ន្ធអនឡាញនេះ គឺជាការធ្វើទំនើបកម្មសេវាកម្មបែបឌីជីថលរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ ស្តីអំពីការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះផងដែរ៕