(សៀមរាប)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋសាសនិកឥស្លាម០១គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ស្ថិត នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងឱកាសនោះលោក អែល សៀត បានថ្លែងថា ក្នុងនាមថ្នាក់នាំសាសនិកឥស្លាមខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំ និងគ្រប់ពេលវេលា ជានិច្ច ដែលប្រជាពលរដ្ឋមានការលំបាកផ្សេងៗ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាងអស់ និងបានចាត់ឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវចុះសួរសុខទុក្ខ និងរកមធ្យោបាយ ដើម្បីជួយដោះបន្ទុកជូនពួកគាត់ផងដែរ។

លោក អែល សៀត បានលើកទឹកចិត្តប្រជាពលរដ្ឋ សូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិត ត្រូវបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គីភ័យនេះផងដែរ។

លោកបានបន្តថា អំណោយដែលយកមកប្រគល់ជូននាពេលនេះ បានមកពីការកៀងគរពីសប្បុរសជន ដែលជាសាសនិកឥស្លាម ដែលបានធ្វើការចែករំលែកបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ដោយមានការសាមគ្គីជួយគ្នា និងចែករំលែក ដល់គ្នាទៅវិញទៅមកតាមលទ្ឋភាព ដើម្បីជួយដល់អ្នកដែលមានជីវភាពខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង ទោះបីមិនច្រើន តែក៏អាចជួយសម្រាលដល់ការលំបាករបស់ពួកគាត់ បានមួយគ្រាផងដែរ។

គួររម្លឹកថា គ្រោះអគ្គីភ័យនេះ កើតឡើងកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤វេលាម៉ោងជាង១០ព្រឹក នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈជាច្រើន។ ដោយម្ចាស់ផ្ទះមានឈ្មោះ ស្លេះ អាលី និងប្រពន្ធឈ្មោះ ស៊ឹម ម៉ាលី។

អំណោយដែលចែកជូន រួមមាន៖ អង្ករចំនួន២៥គីឡូក្រាម, មី១កេស ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស, ទឹកក្រូច២យួរ , ត្រីខ២យួរ, សារុងថ្វាយបង្គំសម្រាប់បរុស១ និងថវិកាចំនួន៣៥០,០០០រៀលផងដែរ៕