(កំពង់ចាម)៖ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានចុះហត្ថលេខាផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន «ស៊ិនទ្រី» រយៈពេល១០ឆ្នាំ ដើម្បីប្រមូលដឹកជញ្ជូនសំរាម សំណល់រឹង នៅទីប្រជុំជន ក្នុងក្រុងកំពង់ចាម។

ពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងភាគីទាំងពីរនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានផងដែរ។

អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមហ៊ុនស៊ីនទ្រី បានទទួលការសាកល្បងធ្វើបានល្អ នៃការប្រមូលដឹកសំរាម ក្នុងក្រុងកំពង់ចាម រយៈពេលមួយឆ្នាំ ដែលនោះជាបទពិសោធន៍សម្រាប់អនុវត្តការងារនេះឲ្យមាននិរន្តរភាព រយ:ពេលយូរអង្វែង។ ប៉ុន្តែនៅថ្ងៃនេះ រដ្ឋបាលក្រុងកំពង់ចាម បានចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន ស៊ិនទ្រី រយៈពេល១០ឆ្នាំ ដើម្បីប្រមូលដឹកសំរាម សំណល់រឹង ក្នុងក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការអនុវត្តប្រមូលដឹកសំរាមក្នុងក្រុងកំពង់ចាម គឺខាងក្រុមហ៊ុនមានភារកិច្ចប្រមូលដឹកសំរាម រីឯរដ្ឋបាលក្រុងកំពង់ចាម មានភារកិច្ចប្រមូលថ្លៃសេវាតាមខ្នងផ្ទះ និងបង់ថ្លៃសេវាឲ្យទៅក្រុមហ៊ុន ក្នុងសំរាម១តោន តម្លៃ១៧ដុល្លារ។

លោកអភិបាលខេត្ត បានណែនាំឲ្យអភិបាលក្រុងកំពង់ចាម ពិនិត្យមើលទីតាំងផ្សេងៗបន្ថែមទៀត ដើម្បីធ្វើការប្រមូលសំរាមឲ្យអស់លទ្ធភាព ផ្ដល់ភាពស្អាតដល់ទីក្រុងរបស់យើងឲ្យសាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួល៣ទង។

លោក ចាយ សាមិត្ត បានថ្លែងថា ខេត្តកំពង់ចាម គឺជាខេត្តមួយឈានមុខគេ នៃបណ្ដាខេត្តទូទាំងប្រទេសក្នុងការអនុវត្តអនុក្រឹត្យលេខ ១១៣ ពោលគឺ រដ្ឋបាលក្រុងកំពង់ចាម អាចមានលទ្ធភាពបង់ថ្លៃសេវានៃការប្រមូលសំរាមនេះ ដោយមិនត្រូវការថវិកាជំនួយពីរដ្ឋបាលខេត្ត ហើយការងាររបស់រដ្ឋបាលក្រុងកំពង់ចាមនេះ អាចជាបទពិសោធន៍ សម្រាប់ធ្វើការផ្សព្វផ្សាយ ទៅតាមបណ្ដាក្រុង នៃខេត្តផ្សេងៗទៀតយកគំរូតាមផងដែរ។

អភិបាលក្រុងកំពង់ចាម បានឲ្យដឹងថា លទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៣ កន្លងទៅឃើញថា ប្រជាពលរដ្ឋទូទាំងក្រុង មានការសប្បាយរីករាយចំពោះសេវាប្រមូលសំរាមថ្មី និងចូលរួមបង់សេវាមានការកើនឡើង ច្រើនជាងពេលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។

លោកបន្តថា កាលពីគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មានប្រជាពលរដ្ឋចូលរួមបង់សេវាចំនួន ៣,៧០០ទីតាំង តែបច្ចុប្បន្នគិតត្រឹមចុងឆ្នាំ២០២៣ មានការកើនឡើងប្រជាពលរដ្ឋមកភ្ជាប់សេវាជាមធ្យម ៥,៨០៤ទីតាំង៕