(ភ្នំពេញ)៖ ក្រោយចាញ់ក្ដីនៅសាលាដំបូងខេត្តតាកែវ រហូតមកដល់សាលាឧទ្ធរណ៍ភ្នំពេញ ស្ដ្រីម្នាក់សម្រេចចិត្តដាក់ពាក្យស្នើសុំកិច្ចអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើអធិបញ្ជាចោទ ប្រកាន់បុគ្គលម្នាក់ឈ្មោះ ហ៊ាម ជាវហេង ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» និង «ឆបោក» រឿងទិញដី២២ហិចតា ស្មើលុយជាង៥០ម៉ឺនដុល្លារ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី អាយុ៥៩ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើឆបោក និងរំលោភលើទំនុកចិត្តនេះ បានរៀបរាប់ក្នុងពាក្យស្នើសុំអន្ដរាគមន៍ទៅកាន់ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ហ៊ាម ជាវហេង បានណែនាំរូបគាត់ឲ្យទិញដីទំហំប្រហែល២២ហិចតា ស្ថិតនៅភូមិព្រៃចំបក ឃុំតាយ៉ាប់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយប្រាប់ថា ជាដីស្រែប្រាំងរបស់ប្រជាពលរដ្ឋ។

ដោយសារតែការជឿទុកចិត្តលើបុគ្គលឈ្មោះ ហ៊ាម ជាវហេង ទើបរូបគាត់បានពឹងឲ្យជួយប្រមូលទិញដីទំហំ២២ហិចតា ដោយក្នុងមួយហិចតាតម្លៃ១៥,០០០ដុល្លារ សរុបចំនួន៣៣ម៉ឺនដុល្លារ តាមរយៈកិច្ចសន្យាទិញ លក់ដីចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ បន្ទាប់មករូបគាត់បានប្រគល់ប្រាក់តាមដំណាក់កាលឲ្យទៅឈ្មោះ ហ៊ាម ជាវហេង ចំនួន៧លើក ដើម្បីចាត់ចែងទិញដីតាមការព្រមព្រៀងគ្នា។ សរុបលុយដែលបានឲ្យទៅឈ្មោះ ហ៊ាម ជាវហេង រហូតដល់ជាង៥០ម៉ឺនដុល្លារ ដោយគិតថា លុយនៅសល់ក្រែងទិញដីដែលនៅក្បែរនោះបានបន្ថែមទៀត។

ក្រោយពីបានប្រគល់ប្រាក់គ្រប់ចំនួនអស់ហើយ រូបគាត់បានសួរនាំអំពីពេលវេលា នៃការចុះបញ្ជីកម្មសិទ្ធិ និងស្នើទៅឈ្មោះ ហ៊ាម ជាវហេង ឲ្យជូនទៅកាន់ទីតាំងដីដែលបានទិញកន្លងមក ប៉ុន្តែត្រូវបានឈ្មោះ ហ៊ាម ជាវហេង រកលេសថាគេលើកពេលធ្វើ និងថាជិតដល់ពេលធ្វើរហូត និងមិនបានជូនមកកាន់ទីតាំងដីទេ។

ដោយសាររូបគាត់ ទាមទារពេកទើបនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ហ៊ាម ជាវហេង បាននាំនាងខ្ញុំទៅកាន់ទីតាំងដីដែលស្ថិត នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ទើបដឹងថា មិនមែនជាទីតាំងដូចដែលឈ្មោះ ហ៊ាម ជាវហេង ធ្លាប់អះអាងណែនាំឲ្យទិញទេ ពោលគឺមិនមែននៅចម្ងាយ៧គីឡូម៉ែត្រ ពីព្រលានយន្តហោះថ្មីនោះឡើយ។

លុះដល់អំឡុងឆ្នាំ២០២១ ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី បានស្រាវជ្រាវពីតាំងដីបន្ថែមទៀត ទើបដឹងថា ដីដែលឈ្មោះ ហ៊ាម ជាវហេង បានបង្ហាញថាទិញពីប្រជាពលរដ្ឋនោះ គឺជាដីទ្រព្យសម្បត្តិរបស់រដ្ឋ។ បន្ទាប់ពីបានរកឃើញនូវភាពមិនប្រក្រតីបែបនេះ ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី បានព្យាយាមទាក់ទងទៅឈ្មោះ ហ៊ាម ជាវហេង គ្រប់មធ្យោបាយដើម្បីសួរនាំ និងដោះស្រាយបញ្ហា ប៉ុន្ដែឈ្មោះនេះបានរកលេសដោះសារ និងគេចវេស ថែមទាំងបិទទូរស័ព្ទមិនអាចទាក់ទងបានរហូតដល់បច្ចុប្បន្ន។

ក្រោយមក ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី បានដាក់ពាក្យបណ្ដឹងចំនួន២លើក លើកទី១ ពាក្យបណ្ដឹងចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ពីបទ «រំលោភលើទំនុកចិត្ត» និង «ឆបោក» រួចនាយកដ្ឋានបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែត្រូវបានអយ្យការអមសាលាដំបូងសម្រេចចេញដីកាតម្កល់រឿងទុកឥតចាត់ការ។ លើកទី២ ពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ក៏ត្រូវបានតម្កល់ទុកឥតចាត់ការដូចគ្នា ហើយក្រោយមកបានបន្ដប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ តែត្រូវមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ តម្កល់ទុកឥតចាត់ការដូចគ្នា។

ដោយមើលឃើញពីភាពអយុត្តិធម៌ តាមរយៈចម្លើយប្រឌិតរបស់ឈ្មោះ ហ៊ាម ជាវហេង ទើបស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី សម្រេចដាក់ពាក្យបណ្ដឹងស្នើសុំអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តធម៌តែម្ដង។

យ៉ាងណាមិញ ជុំវិញការចោទប្រកាន់នេះ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចសុំការឆ្លើយតបពីឈ្មោះ ហ៊ាម ជាវហេង បាននៅឡើយទេ គិតត្រឹមពេលចេញផ្សាយនេះ៕