(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៤ របស់កងពលតូចថ្មើរជើងលេខ៥១។

ក្នុងឱកាសបូកសរុបឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសរសើរកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន ជាពិសេសគឺការទប់ស្កាត់ ពលករដែលឆ្លងដែនខុសច្បាប់ តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ មិនតែប៉ុណ្ណោះកងពលបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។

លោកថា អង្គភាពនៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើយប្រមូលផលបន្លែគ្រប់ប្រភេទនិងសាច់ ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃ តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើកងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ ឱ្យបង្កើនការផ្សព្វផ្សាយ និងប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមឱ្យគ្រប់អង្គភាពគ្រប់គ្រងកម្លាំងឱ្យបានល្អ ដើម្បីដោះស្រាយបញ្ហាក្នុងយថាហេតុណាមួយកើតឡើង។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានអញ្ជើញជូនប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាព និងបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀលផងដែរ៕