(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានជំរុញមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស គ្រប់គ្រឹះស្ថានសិក្សានានាឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ជៀសផុតពីគ្រឿងញៀន និងក្មេងជំនើង។

ការជំរុញបែបនេះរបស់លោក សួន សុម៉ាលីន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងដៃគូអង្គការ លោកគ្រូ អ្នកគ្រូ ការិយាល័យអប់រំក្រុង ស្រុក សរុបប្រមាណ ៣០០នាក់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍នៅចំណុចសំខាន់ៗមួយចំនួនរួមមាន៖

*១៖ គុណភាពអប់រំកើតចេញពីសម្ថភាព និងការខិតខំប្រឹងប្រែងរបស់សិស្ស និងគ្រូបង្រៀន យើងគួរបន្តយកចិត្តទុកដាក់លើកកម្ពស់ និងអភិវឌ្ឍន៍សមត្ថភាពរបស់គ្រូ តាមរយៈការបណ្ដុៈបណ្តាល និងការពង្រាយគ្រូឱ្យបានសមស្របតាមតាមស្ថានភាពជាក់ស្ដែង
*២៖ ត្រូវបន្តជំរុញ និងខិតខំប្រមូលកុមារដល់វ័យសិក្សា កុមារលើសអាយុសិក្សា និងយុវជនបោះបង់ការសិក្សា និងនៅក្រៅសាលារៀន មកទទួលសេវាអប់រំ ប្រកបដោយសមធម៌ និងគ្មានការរើសអើង
*៣៖ ចំពោះការងារអប់រំកាយ និងកីឡា គួរបន្តខិតខំរៀបចំឱ្យមានកន្លែងលេងកីឡា និងលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំកាយ និងការហ្វឹកហាត់កីឡានៅតាមគ្រឹះស្ថានសិក្សានានា និងជំរុញការប្រគួតកីឡាសិស្ស និងកីឡាមហាជនឱ្យបានទូលំទូលាយ និងជាប្រចាំ៕