(ឧត្តរមានជ័យ)៖ ជំនន់ទឹកភ្លៀងដែលបានហូរចាក់ ពីជួរភ្នំដងរែក ធ្វើឲ្យលំនៅដ្ឋាន ដីស្រែចំការ និងផលដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់នោះ នៅគ្រានេះ បានវិលត្រឡប់មករកសភាពដើមវិញហើយ ប៉ុន្ដែកម្លាំងចម្រុះខេត្តឧត្តរមានជ័យ បានត្រៀម មធ្យោបាយ និងកម្លាំងរួចរាល់ជាស្រេច ក្នុងការជួយសង្គ្រោះពលរដ្ឋ គេចចេញពីគ្រោះធម្មជាតិមួយនេះ ប្រសិនបើភ្លៀងនៅតែបន្ដធា្លក់។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែកញ្ញានេះថា រហូតមកទល់នឹងថ្ងៃនេះ ទឹកភ្លៀងដែលបាន ហូរចាក់ពីជួរភ្នំដងរែក មកស្រោចស្រព ធ្វើពេញប្រៀបទៅលើផ្ទៃទឹកបឹងតាម៉ុក និងនៅភូមិអូរតាម៉េង ក្នុងស្រុកអន្លង់វែង នាប៉ុន្មានថ្ងៃ កន្លងមកនេះ ឥឡូវនេះទឹកបានស្រកចុះវិលមករកសភាពធម្មតាវិញហើយ ចំណែក ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលអាជ្ញាធរបាន ជម្លៀសចេញពីជំនន់ទឹកភ្លៀងនោះ នៅថ្ងៃនេះក៏បានវិលត្រឡប់ មកកាន់លំនៅដ្ឋានវិញផងដែរ។
លោកអភិបាលខេត្ត បន្តថា «នៅក្នុងអំឡុងពេលទឹកជន់នោះ ទឹកក៏មិនបានបំផ្លិចបំផ្លាញ ដីស្រែចំការ ផលដំណាំកសិកម្ម សត្វពាហនៈ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តឡើយ ប៉ុន្ដែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ បង្កការជន់លិចលំនៅដ្ឋាន ដីស្រែចំការផលដំណាំ កសិកម្មសារជាថ្មី អាជ្ញាធរខេត្តនឹងចាត់វិធានការបន្ទាន់មួយ ដោយប្រើបា្រស់កម្លាំង និងមធ្យោបាយសរុប ដើម្បីចុះជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីគ្រោះទឹកជំនន់នោះ ឲ្យបានទាន់ពេលវេលា ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ រងគ្រោះពីជំនន់ទឹកភ្លៀង នោះជាដាច់ខាត»។
សូមជំរាបថា នៅរយៈពេលជិត៤ថ្ងៃបន្តបន្ទាប់គ្នាកន្លងមកនេះ ខេត្តឧត្តរមានជ័យ បានទទួលរងនូវដំណត់ទឹកភ្លៀងយ៉ាងជោគជាំ ហើយបាន ហូរស្រោចស្រពមកលំនៅដ្ឋាន ផ្ទៃដីស្រែចំការ បំផ្លាញដំណាំកសិកម្មអស់រាប់សិបហិចតា ព្រមទាំងបានវាយពន្លិចផ្លូវ និងស្ពានដែលជាទ្រព្យសម្បត្តិរបស់នោះថែមទៀត ប៉ុន្តែការជោជន់នៃទឹកភ្លៀងនេះ អាជ្ញាធរដែនដីបានបញ្ជាក់ថា មិនបានបង្កឲ្យមាន គ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬសត្វពាហនៈនោះទេ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អាជ្ញាធរខេត្តកំពុងចាត់វិធានការជម្លៀសទៅ កាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។
យោងតាមការឲ្យដឹងពីស្រុកអន្លង់វែង គឺចាប់ពីថ្ងៃ២៨ ខែសីហា រហូតមកបច្ចុប្បន្ននេះ តំណក់ទឹកភ្លៀងនៅបង្អុរចុះមកឥតឈប់ ធ្វើឲ្យលំនៅដ្ឋាន ដីស្រែចំការ របស់ប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងស្ពានមួយចំនួន បានរងនូវការជន់លិច មានផ្ទៃទឹកបឹងតាម៉ុក និងភូមិ២ទៀត គឺភូមិរំចេក និងភូមិរំចេកខាងលិច ធ្វើឲ្យផ្ទះចំនួន១១១ខ្នង និងប្រជាជន១៣២គ្រួសារទាំងពីរភូមិ សរុប៣៥០គ្រួសារ ក្នុងនោះមាន២៥គ្រួសារ ដែលរងការលិចលង់ខ្លាំងជាងគេ លិចផលដំណាំចំនួន៩៦ហិចតា ក្នុងនោះដំណាំដំឡូងមី ចំនួន៥១ហិចតា ដំណាំស្រូវ៣៥ហិចតា និងដំណាំសណ្តែកដី មានចំនួន១០ហិចតា លិចស្ពានដែកបាឡេមួយកន្លែង មានប្រវែង២០ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែ មានប្រវែង៧៥០ម៉ែត្រនោះថែមទៀត ហើយកម្ពស់ទឹកភ្លៀងក្នុងអាងទំនប់តាម៉ុក នៅព្រឹកថ្ងៃ៣១ សីហា នោះ ទឹកបានហក់ឡើងដល់កំរិតកម្ពស់ប្រុងប្រយ័ត្ន២,៩០ ម៉ែត្រហើយ។
យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១ ខែកញ្ញានេះថា ទឹកភ្លៀងនឹងបន្តធ្លាក់១សប្តាហ៍ទៀត នៅតាមតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាល និងនៅតាមតំបន់ខ្ពង់រាប ក្នុងកម្ពុជា៕