(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ, នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបន្តរៀបំការប្រឡងសម្រាប់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីបម្រើការនៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេលមួយថ្ងៃពេញនៅសាលាភូមិន្ទរដ្ឋបាល ប្រព្រឹត្តទៅអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ SOP ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយគណៈកម្មការរៀបចំ ក៏ដូចជាអនុគណៈកម្មការទាំងអស់ បានបន្តការងារប្រកបដោយភាពហ្មត់ចត់ មានការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់លើតួនាទី របស់ក្រុមការងាររៀងៗខ្លួន។

ដំណើរការរៀបចំការប្រឡងប្រជែងថ្ងៃនេះ ចាប់ផ្តើមតាំងពីម៉ោង៦ព្រឹក តាមរយៈការរៀបចំការងារបច្ចេកទេស និងការតាក់តែងវិញ្ញាសាដោយសាស្ត្រាចារ្យ និងអ្នកជំនាញជាច្រើនរូបមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធប្រមាណ៥០រូប។

នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ការប្រឡង បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពី តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន សរុបចំនួន៩៩កន្លែង ដោយមានបេក្ខជនចំនួន១,៤២៤ អង្គ/នាក់ (ស្រី ៥៣៨ នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ចូលរួមប្រឡងលើវិញ្ញាសាចំនួន៣គឺ៖ ១៖វិញ្ញាសាវប្បធម៌ទូទៅ, ២៖វិញ្ញាសាជំនាញ និង៣៖វិញ្ញាសាភាសាអង់គ្លេស៕