(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមហ៊ុន Aegros និង Freshstart Logistics ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន FreshStart របស់ប្រទេសអូស្ត្រាលី បានបង្ហាញបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។
បំណងនេះ ត្រូវបានបញ្ជាក់ដោយលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ដោយឡែកក្រុមហ៊ុន Aegros ជាបុត្រសម្ព័នមួយក្រុមហ៊ុន Freshstart គឺជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល។
នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត, លោកប្រធានក្រុមហ៊ុន បានជម្រាបបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន។ សម្តេចធិបតី បានឆ្លៀតជម្រាបប្រធានក្រុមហ៊ុនអូស្ត្រាលី អំពីការដាក់ចេញគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗក្នុងការគាំទ្រដល់បរិយាកាសវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសមួយមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ការវិនិយោគ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមទៀតអំពីកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។
ពាក់ព័ន្ធវិស័យសុខាភិបាល សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅមូលដ្ឋាន។
បន្ថែមពីលើនេះ សម្ដេចធិបតី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលក៏បានដាក់ចេញបទបញ្ញត្ត និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាលក្លែងក្លាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជាបន្ថែមទៀតពាក់ព័ន្ធបំណងរបស់ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល៕