(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមដ៏ធំមួយរបស់អូស្ត្រាលី គឺក្រុមហ៊ុន Enserv Holding Australia បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅក្នុងប្រទេសកម្ពុជា។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «ស្ពៅ» ជាធញ្ញជាតិមួយប្រភេទ ពួកពោត ផ្លែជាស្មែងចង្កោម គ្រាប់មូលៗល្អិតៗ កាលណាទុំមានសម្បុរ-ស។
បំណងនេះត្រូវបានបញ្ជាក់ដោយលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបសម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum)។ ក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះ ទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៉ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ជាជីវៈឧស្ម័ន្ម (Biogas) ថែមទៀតផង។
លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបសម្ដេចធិបតីផងដែរថា ដំណាំស្ពៅ គឺជាដំណាំផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។
លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញបំណងរបស់ក្រុមហ៊ុនស្វែងរកឱកាសវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន។ សម្តេចធិបតី បានបញ្ជាក់ថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។
សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប និងថ្មី ដេីម្បីផលិតថាមពលអគ្គិសនី គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានជម្រាបទៅក្រុមហ៊ុនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កេីតរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀតផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។
ឆ្លេីយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ផ្តល់ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត៕