(ភ្នំពេញ)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស ចំនួន១១អណ្ដូង ដល់បងប្អូនប្រជាជន ក្នុងសហគមន៍ដែលខ្វះខាត។

អណ្ដូងទាំងនោះ ត្រូវបានផ្តល់ជូនសហគមន៍ ដែលមានទីតាំងដូចខាងក្រោម៖

១៖ ភូមិពេជ្រគិរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
២៖ ភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៣៖ ភូមិបហ៊ុយខ្មែរជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៤៖ ភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៥៖ ភូមិក្បាលប្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៦៖ ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៧៖ ភូមិព្រៃមង្គល់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៨៖ ភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៩៖ ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
១០៖ ភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
១១៖ ភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅក្នុងពិធីសំណេះសំណាល និសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ លោកបាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅគ្រាលំបាក ចេះចែករំលែក តាមលទ្ធភាពដែលខ្លួនមាន ស្រលាញ់គ្នា ទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

«ពីព្រោះយើង គឺជាខ្មែរ យើងគឺតែមួយ ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព»។ នេះជាការថ្លែងរបស់ លោក ខាន់ ខុន។

លោកក៏បានណែនាំឱ្យពួកគាត់ ស្រលាញ់ និងរក្សាឱ្យបាននូវសន្តិភាព ព្រោះថា វាជាសមិទ្ធផលមួយដ៏ធំធេង ដែលត្រូវបានក៏សាងឡើងដោយមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ហើយថា ទាល់តែមានសន្តិភាពទើបមានការអភិវឌ្ឍ និងមានការរីចម្រើនបាន។

លោកក៏បានបន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ទៅលើ សុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ។ ដូច្នេះទឹកគឺជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ បើមានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឱ្យប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ខាតបង់ប្រាក់កាស មិនអាចប្រកាបរបរចិញ្ជឹមជីវិតបាន និងនាំឱ្យសេដ្ឋកិច្ចគ្រួសារមានការចុះអន់ថយ។ អីចឹងហើយ បានជា សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យមានទឹកស្អាតប្រើប្រាស់ តាមរយៈការខួងអណ្តូងខ្នាតធំម៉ាកអាហ្វ្រ៊ីដេស នេះ។

តាមរយៈអណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត។

សូមជម្រាបថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង៕