(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក​ និងលោក KIYOSHI MASAI ប្រធានអង្គការ JPR ប្រទេសជប៉ុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីបញ្ជាការកងពលតូចលេខ៧០។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ការបើកវគ្គហ្វឹកហ្វឺននេះ គឺដើម្បីផ្តល់ចំណេះដឹងផ្នែកពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ឱ្យកាន់តែស្ទាត់ជំនាញងាយស្រួលក្នុងការបំពេញភារកិច្ចសង្គ្រោះ នឹងពន្លត់អគ្គឺភ័យបម្រើប្រជាជនយើង ពេលមានអគ្គីភ័យនឹងគ្រោះថ្នាក់ចរាចរកើតមានឡើងដើម្បីឲ្យបណ្តា អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក​ ដែលមកពីយោធភូមិភាគទី៤​ យោធភូមិភាគទី៥​ កងពលធំទី២​ កងពលធំទី៣​ បញ្ជាការដ្ឋានទ័ពពិសេស​ កងពលតូចអន្តរាគម៍លេខ១​ និងកងពលតូចលេខ៧០​ ដើម្បីធ្វើការហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ ក្រោមការជួយឧបត្ថម្ភរបស់អង្គការ​ JPR ប្រចាំនៅកម្ពុជាដើម្បីបង្កើនសមត្ថភាពហ្វឹកហ្វឺនជាគ្រូបង្គោល ដល់កងសង្គ្រោះរបស់អង្គភាពទាំង៦​ រួមទាំងកងពលតូចលេខ៧០​ ផងដែលមានរយះហ្វឹកហ្វីនបញ្ចប់នាថ្ងៃ១៨មឺនាខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវតែខិតខំហ្វឹកហាត់ ដាក់កាយដាក់ចិត្តយកអស់ស្មារតីរៀនសូត្រ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា  ដើម្បីយកចំណេះជំនាញនេះ មកបម្រើអង្គភាព ក៏ដូចជាប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕